(ហួស្ដុន)៖ បម្រែបម្រួលអាកាសធាតុ បង្កឡើងដោយសា្នដៃមនុស្ស បានធ្វើឱ្យព្យុះ Hurricane Harvey ដែលបានវាយប្រហារលើសហរដ្ឋអាមេរិក កាលពីខែសីហា កាន់តែមានឥទ្ធិពលខ្លាំង។ នេះបើតាមក្រុមអ្នកស្រាវជ្រាវអន្តរជាតិ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយសាកលវិទ្យាល័យ Houston-based Rice ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បម្រែបម្រួលអាកាសធាតុបង្កឡើង ដោយស្នាដៃមនុស្សបានបណ្ដាលឱ្យ ភ្លៀងធ្លាក់យ៉ាងខ្លាំងលើទីក្រុងហួស្ដុន នៃភាគខាងត្បូងសហរដ្ឋអាមេរិក នៅអំឡុងពេលព្យុះ Hurricane Harvey កាន់តែមាន ឥទ្ធិពលខ្លាំងជាងបីដង ឬ ១៥ភាគរយ។ «ព្យុះ Harvey កាន់តែមានឥទ្ធិពលនៅក្នុងបរិយាកាសយើងសព្វថ្ងៃ ហើយព្យុះជាច្រើនដូចជាព្យុះ Harvey នេះមានកានតែច្រើន ឡើងក្នុងបរិយាកាសយើងបច្ចុប្បន្ន»។ នេះបើតាមការលើកឡើងរបស់លោក Antonia Sebastian ជាអ្នកស្រាវជ្រាវមួយរូប មកពីមជ្ឈមណ្ឌលសិក្សាពីគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rice University។
ការសិក្សាស្រាវជ្រាវនេះ ដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រមកពី World Weather Attribution ដែលជាគំរោងអន្តរជាតិ សិក្សាពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុលើ បាតុភូតដូចជាភ្លៀងធា្លក់ខ្លាំង រលកកម្ដៅ និងគ្រោះរាំងស្ងួតជាដើម។ ចំណែកឯ ក្រុមអ្នកស្រាវជ្រាវវិញ សុទ្ធតែជាសាស្ត្រាចារ្យមកពីវិទ្យាស្ថានក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងនោះមានទាំងមកពី សាកលវិទ្យាល័យ Rice, Oxford, Princeton និងបណ្ដាសាកលវិទ្យាជាច្រើនទៀត។
ខ្យល់ព្យុះ Harvey បានបង្កជាគ្រោះរអិលបាក់ដី កាលពីថ្ងៃទី២៥ ខែសីហា ទីក្រុងហូស្ដុន នៃរដ្ឋតិចសាស់ ហើយមិនតែប៉ុណ្ណោះព្យុះនេះបានវិវត្តខ្លួនទៅជាព្យុះបួនប្រភេទ ក៏ដូចជាបង្កជាគ្រោះទឹកជំនន់ និងការខូចខាតដ៏ធំបំផុត មិនធ្លាប់មានជាង ៥០មកនេះ ក្នុងរដ្ឋតិចសាស់ផងដែរ។ ដោយឡែក នៅឯតំបន់ Harris ក្នុងទីក្រុង Houston កម្ពស់ទឹកបានកើនឡើងដល់ ១៣១.៨សង់ទីម៉ែត្រ ហើយ ដែលនេះគឺជាកំរិតទឹកភ្លៀងខ្ពស់អតិប្បរមា កម្រនឹងកើតឡើងក្នុងបរិយាកាសផែនដីសព្វថ្ងៃ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ទោះបីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួលអាកាសធាតុក៏ដោយ ក៏ព្យុះ ដូចជាព្យុះ Hurricane Harvey នឹងកើតមានកាន់តែច្រើនឡើង។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ មានគោលដៅចម្បងប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់មិនឱ្យសីតុណ្ហភាពកើនឡើង លើសពីរអង់ស្សាសេ។
ក៏ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កជាឧបសគ្គដល់ការអនុវត្តន៍ ទិសដៅនេះ តាមរយៈការប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះ ដោយសំអាងថា វាបំផ្លាញដល់ផលប្រយោជន៍សេដ្ឋកិច្ច និងអំណាចអាមេរិកជារួម។ យ៉ាងណាក៏ដោយ បើតាមមាត្រា ២៨ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សហរដ្ឋអាមេរិកមិនអាចដកខ្លួនចេញ លឿនជាងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នោះទេ៕