(ប៉េកាំង)៖ ផលិតផលនៃមនុស្សយន្តផ្នែកឧស្សាហកម្ម របស់ប្រទេសចិន បានកើនឡើងលើសពី១០០,០០០គ្រឿង នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០១៧នេះ ដែលវាជាចំនួនមានការកើនឡើង៧០ភាគរយ បើធៀបទៅនឹងអំឡុងពេលដូចគ្នាឆ្នាំមុន។ នេះបើតាមប្រភពពីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ដកស្រង់ និងចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។
ក្រសួងខាងលើបានបន្ថែមថា ផលិតផលសរុបសម្រាប់ឆ្នាំនេះវិញ នឹងកើនឡើងដល់ ១២០,០០០គ្រឿង។ ប្រទេសចិន គឺជាទីផ្សារធំជាងគេបំផុត សម្រាប់មនុស្សយន្តផ្នែកឧស្សាហកម្ម នៅលើពិភពលោក ពោលគឺស្មើនឹងប្រមាណមួយភាគបី នៃតម្រូវការទូទាំងសាកលលោក។ តម្លៃទីផ្សារនៃមនុស្សយន្តផ្នែកឧស្សាហកម្មរបស់ចិន គឺត្រូវគេរំពឹងថា នឹងកើនឡើងដល់ទឹកប្រាក់ ៤.២ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧នេះ ហើយនឹងមានការកើនឡើងដល់ ៥.៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។
គួរជម្រាបថា ឧស្សាហកម្មមនុស្សយន្ត ត្រូវបានចុះក្នុងបញ្ជីជា វិស័យអភិវឌ្ឍន៍ដ៏សំខាន់ នៅក្នុងគោលនយោបាយ «ផលិតនៅក្នុងប្រទេសចិនឆ្នាំ២០២៥» របស់មហាអំណាចសេដ្ឋកិច្ចទី០២មួយនេះ ដែលជាគោលនយោបាយយុទ្ធសាស្រ្ត បង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍវិស័យកម្មន្តសាល (វិស័យផលិត) របស់ប្រទេសខ្លួន៕