(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យតុលាការកាត់ទោស មិត្តភក្តិរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ គឺលោកស្រី ឆយ ស៊ូនស៊ីល ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក៏ដូចជាបង់ប្រាក់ពិន័យ ១១៨.៥ពាន់លានវ៉ុន (១០៩លានដុល្លារ) និងប្រាក់ជួសជុលការខូចខាត ៧.៧ពាន់លានវ៉ុន ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
លោកស្រី ឆល ស៊ូនស៊ីល គឺជាដើមហេតុធ្វើឱ្យលោកស្រី ផាក គឺនហេ ត្រូវបានតុលាការធម្មនុញ្ញ ទម្លាក់ចេញពីតំណែងជាប្រធានាធិបតី កាលពីឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ថា បានរំលោភអំណាច និងបណ្ដោយឱ្យមិត្តភក្កិរបស់ខ្លួនរូបនេះ ប្រើឥទ្ធិពលប្រធានាធិបតី ដើរជំរិតទារប្រាក់ពីក្រុមហ៊ុនធំៗនៅក្នុងប្រទេស។ បន្ថែមពីលើនេះ ក្រៅតែពីអស់តំណែង លោកស្រី ផាក ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមីនា និងត្រូវបានចោទប្រកាន់ពីបទពុករលួយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា លោកស្រី ឆយ ស៊ូនស៊ីល មានអាយុ ៦១ឆ្នាំ ត្រូវចាប់ខ្លួន និងចោទប្រកាន់ចំនួន ១៨បទល្មើស កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះរួមមានទាំង ការរំលោភអំណាចរដ្ឋ និងប្រព្រឹត្តអំពើពុករលួយផងដែរ៕