(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋអាជ្ញារង​អាមេរិក លោក Rod Rosenstein បានច្រានចោល​ការចោទប្រកាន់​ របស់ក្រុមតំណាងរាស្ត្រ​មកពីគណបក្សសាធារណៈរដ្ឋ ដែលថា ក្រុមរដ្ឋអាជ្ញា​អាមេរិក និងក្រុមស៊ើបអង្កេត​ពិសេស លើសំណុំរឿងរុស្ស៊ីលូកដៃចូល​ក្នុងកិច្ចការបោះ​ឆ្នោត​អាមេរិក កាលពីឆ្នាំ២០១៦ របស់​លោក Robert Mueller មានភាពលម្អៀងចំពោះ លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ក្រុមអ្នកតំណាង​រាស្ត្រ​បក្សសាធារណៈរដ្ឋ បានរិះគន់កាន់ខ្លាំងលើរដ្ឋអាជ្ញាពិសេស​អាមេរិក លោក Robert Mueller ថា​មានភាពលម្អៀង​ចំពោះ លោក ត្រាំ បន្ទាប់ពីលោក Mueller បានចោទ​ប្រកាន់លើ​អតីតមន្ត្រីជំនិត លោក ត្រាំ ចំនួនបួនរូប​ក្នុងសំណុំ​រឿងអាស្រូវ​ផ្នែកទំនាក់ទំនង​ រវាងក្រុមយុទ្ធនាការ​របស់លោក​ ជាមួយមន្ត្រីរុស្ស៊ី។ តែទោះជា​បែបនេះក្ដី ថ្លែងក្នុង​អំឡុងពេល​ផ្ដល់សក្ខីកម្ម នៅមុខគណៈកម្មាធិការ​យុត្តិធម៌​ នៃសភាអាមេរិក លោក Rod Rosenstein បាននិយាយថា លោកមិន​បានដឹងឡើយថា ក្រុមលោក Mueller បាន ប្រព្រឹត្តកំហុសឆ្គង​ណាមួយ​នោះទេ។ ជាងនេះ​ទៅទៀត នៅពេល​គណៈកម្មាធិការនេះ ចោទសួរថា តើលោកមានហេតុផល​បណ្ដេញ លោក Mueller ពីតំណែង​ដែរ ឬទេ? លោក Rosenstein បាន​ឆ្លើយថា «ទេ»។

គួរបញ្ជាក់ថា ក្រុមអ្នកតំណាងរាស្ត្រ​ នៃគណបក្ស​សាធារណៈរដ្ឋ រិះគន់លើ លោក Robert Mueller ដោយសំអាង​លើសារឆ្លើយឆ្លង​ជាច្រើនរវា​ងបុគ្គលិក FBI​ ពីរនាក់ ក្នុង​នោះរួមមានទាំង​សមាជិកក្រុមស៊ើបអង្កេត​របស់លោកម្នាក់ ជាភស្ដុតាង​បញ្ជាក់ពីភាពលម្អៀង​ ប្រឆាំងនឹង លោក ដូណាល់ ត្រាំ៕