(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Walt Disney នឹងប្រកាសពីកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតខ្សែភាពយន្ត Twenty-First Century Fox ដែលក្នុងនោះភាគហ៊ុនរបស់ 21th Century Fox នឹងទទួលបានតម្លៃជាង ៤០ដុល្លារក្នុងមួយហ៊ុន ឬក៏ ៧៥ពាន់លានដុល្លារ ដោយសរុបទាំងអស់។ នេះបើតាមបុគ្គលដែលដឹងពីកិច្ចការផ្ទៃក្នុង នៃកិច្ចព្រមពៀងនេះ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងខាងលើ ដែលគ្រោងប្រកាសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នឹងបញ្ចប់ការពង្រីកខ្លួនរយៈពេលជាងកន្លះសតវត្សរ៍ ដោយលោក Rupert Murdoch វ័យ ៨៦ឆ្នាំ ដែលបានប្រែក្លាយអាជីវកម្មកាសែតអូស្រ្តាលីតូចមួយ ដែលរូបលោកបានស្នងពីឪពុករបស់លោកនៅវ័យ ២១ឆ្នាំ ទៅជាក្រុមហ៊ុនសារព័ត៌មាន និងខ្សែភាពយន្តលំដាប់អន្តរជាតិ ដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
គួរជម្រាបថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ ស្ទូឌីយ៉ូផលិតភាពយន្ត 20th Century Fox, បណ្តាញទូរទស្សន៍ខ្សែកាប, និងប្រតិបត្តិការថ្នាក់អន្តរជាតិដទៃទៀត នឹងត្រូវលក់ទៅឲ្យក្រុមហ៊ុន Disney ទាំងអស់៕