(កាណាដា)៖ យន្តហោះធុនមធ្យមមួយគ្រឿង បានធ្លាក់នៅតំបន់ភាគកណ្តាលប្រទេសកាណាដា តែសំណាងល្អមនុស្សជិះនៅលើនោះទាំងអស់ ដែលត្រូវបានសារព័ត៌មានក្នុងតំបន់រាយការណ៍ថា មានចំនួន ២៥នាក់នោះ មិនមាននរណាម្នាក់បាត់បង់ជីវិតនោះឡើយ ប៉ុន្តែពួកគេភាគច្រើនបានទទួលរងរបួសធ្ងន់ និងស្រាល។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរកាណាដា យន្ដហោះខាងលើបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន Fond du Lac ស្ថិតនៅភាគខាងជើងខេត្ត Saskatchewan ភាគកណ្តាលប្រទេស បន្ទាប់ពីបានហោះឡើងក្នុងរយៈពេលខ្លីនៅម៉ោង ៦៖១៥នាទីល្ងាច ថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯអាជ្ញាធអាកាសចរណ៍ស៊ីវិលកាណាដា ក៏បានឱ្យដឹងដែរថា យន្ដហោះដែលជួបឧប្បដិហេតុនេះ គឺជាប្រភេទយន្ដហោះធុន ATR-42 ហើយមានផ្ទុកមនុស្ស ២៥នាក់ ក្នុងនោះ ០៣នាក់ ជាក្រុមអាកាសយាននិក។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍បឋម មនុស្សជាច្រើននាក់បានរងរបួស តែមិនមានអ្នកបាត់បង់ជីវិតឡើយ ខណៈមូលហេតុធ្លាក់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ក្រោយមានសេចក្ដីរាយការណ៍ថា យន្ដហោះនេះបានធ្លាក់ នៅពេលទើបហោះឡើងបានចំងាយមួយគីឡូម៉ែត្រប៉ុណ្ណោះ៕