(វ៉ាស៊ីនតោន)៖ សមាជិកសភាមួយរូប របស់គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Kentucky ភាគកណ្តាលអាមេរិក បានសម្រេចចិត្តធ្វើអត្តឃាត ដើម្បីជាការប្រកែកទៅនឹងករណីចោទប្រកាន់លើរូបលោកថា បានប្រព្រឹត្តបទល្មើសបំពានផ្លូវភេទ លើយុវតីមួយរូប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
សមាជិកសភាខាងលើនេះ មានឈ្មោះ Dan Johnson ដែលត្រូវបានប៉ូលិសរដ្ឋ Kentucky អះអាងថា បានបាញ់សម្លាប់ខ្លួនឯង នៅលើស្ពានមួយនៅលើភ្នំ Washington នៃរដ្ឋ Kentucky ដោយភស្តុតាងជាកាំភ្លើងខ្លី ត្រូវបានប៉ូលិសរកឃើញនៅហ្នឹងកន្លែងកើតហេតុតែម្តង។ លោក Dan បានរងការចោទប្រកាន់ដ៏អាម៉ាស់បំផុតថា បានចាប់បង្ខំលើយុវតីវ័យ ១៧ឆ្នាំ ដែលជាមិត្តរបស់កូនស្រីខ្លួនឯង បន្ទាប់ពីធ្វើពិធីជប់លាងចុងឆ្នាំ កាលពីឆ្នាំ២០១២ មកម្ល៉េះ។
គួរបញ្ជាក់ថា លោក Dan បានធ្វើការច្រានចោលទាំងស្រុងតែម្តង ចំពោះការចោទប្រកាន់ខាងលើនេះ កាលពីថ្ងៃអង្គារកន្លងទៅ ជាពិសេសការចោទប្រកាន់ថា លោកបានសេពគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តមួយក្នុងតំបន់ ហើយក្រោយមកក៏បានចូលទៅចាប់បង្ខំជនរងគ្រោះនៅក្នុងបន្ទប់ពេលនាងកំពុងគេងនោះ។ បន្ទាប់ពីការប្រកែករាល់ការចោទប្រកាន់ទាំងឡាយរួចមក លោក Dan ក៏បានធ្វើអត្តឃាតខ្លួនឯងតែម្តង៕