(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់ FBI ម្នាក់ ដែលត្រូវបានដកចេញពីក្រុមស៊ើបអង្កេត របស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller កាលពីប៉ុន្មានខែមុននោះ ធ្លាប់បានហៅប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាជាមនុស្សល្ងីល្ងើ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
កាលពីខែសីហាកន្លងទៅ សារព័ត៌មាន ABC News បានចុះផ្សាយថា លោក Peter Strzok ដែលទើបតែត្រូវបានជ្រើសតាំងដោយ លោក Mueller ដើម្បីជួយដឹកនាំការស៊ើបអង្កេតដ៏សំខាន់បំផុតមួយ ទៅលើរឿងអាស្រូវរុស្ស៊ី លូកដៃចូលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុននោះ បានចាកចេញពីក្រុមរបស់ លោក Mueller។ សព្វថ្ងៃលោក Strzok កំពុងបម្រើការក្នុង អង្គភាពធនធានមនុស្សរបស់ទីភ្នាក់ងារ FBI។
ដោយឡែក អនុរដ្ឋមន្ត្រីនៃក្រសួងការយុត្តិធម៌អាមេរិក ដែលកំពុងតែត្រួតពិនិត្យមើលទៅលើសកម្មភាពមួយចំនួនរបស់ FBI ទាក់ទិននឹងការបោះឆ្នោតកាលពីឆ្នាំមុននោះ បានរកឃើញសារជាអក្សរមួយ ដែលត្រូវបានផ្ញើរវាងលោក Strzok និងមេធាវីរបស់ FBI អ្នកនាង Lisa Page ដែលធ្លាប់បម្រើការនៅក្នុងក្រុមស៊ើបអង្កេតរបស់ លោក Mueller បានដល់ត្រឹមអំឡុងរដូវក្តៅកន្លងទៅ ដូចលោក Strzok ដែរ។ នៅក្នុងសារទាំងអស់នោះ ដែលភាគច្រើនបានកើតឡើង នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក លោក Strzok ត្រូវគេរកឃើញថា បានហៅលោក ដូណាល់ ត្រាំ ថាជាមនុស្សឆ្កួត-ល្ងីល្ងើ។
បើតាមសារព័ត៌មាន The Washington Post លោក Strzok និងអ្នកនាង Page មានទំនាក់ទំនងស្នេហារជាមួយគ្នាថែមទៀតផង។ ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ លោក Peter Carr អ្នកនាំពាក្យរបស់ លោក Mueller បានឲ្យដឹងថា «បន្ទាប់ពីបានដឹងរឿងអាស្រូវទាំងនេះភ្លាមៗ ការិយាល័យរដ្ឋអាជ្ញាពិសេស បានសម្រេចដក លោក Peter Strzok ចេញពីការស៊ើបអង្កេត ខណៈអ្នកនាង Lisa Page បានបញ្ចេញភារកិច្ចរយៈខ្លីរបស់ខ្លួន ហើយបានត្រឡប់ទៅកាន់ FBI វិញ តាំងតែពីប៉ុន្មានសប្តាហ៍មុនពេលពួកយើង បានដឹងពីរឿងអាស្រូវទាំងនេះម្ល៉េះ៕