(សេអ៊ូល)៖ សេតវិមានបាននិយាយថា បច្ចុប្បន្នមិនមែនជាពេលវេលាត្រូវអង្គុយចរចា ជាមួយកូរ៉េខាងជើងនោះទេ ហើយការលើកឡើងបែបនេះធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានផ្ដល់កិច្ចចរចាឥតលក្ខខណ្ឌដល់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
លោក ធីល្លឺសុន កាលពីថ្ងៃអង្គារបានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែគេមិនទាន់ច្បាស់ថា ការកត់សម្គាល់នេះ ទទួលបានការយល់ព្រមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬយ៉ាងណានោះទេ ខណៈលោក ត្រាំ តែងតែប្រើមាត់របស់លោកគំរាមប្រើ កម្លាំងយោធា កម្ទេចទីក្រុងព្យុងយ៉ាងឱ្យក្លាយជាផេះ។
ជុំវិញការខ្វែងគំនិតគ្នានេះដែរ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ អ្នកនំាពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ សេតវិមានម្នាក់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្នមែនជាពេលត្រូវអង្គុយចរចា ជាមួយកូរ៉េខាងជើងនោះទេ ស្របពេលកូរ៉េខាងជើងចេះតែបង្ករឿងឥតឈប់ឈរជាក់ស្ដែង តាមរយៈការធ្វើតេស្ដ មីស៊ីលឆ្លងទ្វីបនាពេលថ្មីៗនេះ... ហើយគោលនយោបាយ នៃរដ្ឋបាលអាមេរិកចំពោះកូរ៉េខាងជើង មិនផ្លាស់ប្ដូរឡើយ បើទោះជាយើងបានលើកឡើងជាច្រើនដង ពីលទ្ធភាពចរចាជាមួយទីក្រុងព្យុងយ៉ាងក៏ដោយ»។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យរូបនេះ ដើម្បីឈានដល់កិច្ចចរចា កូរ៉េខាងជើងត្រូវតែបញ្ឈប់សកម្មភាពបង្ករឿងរបស់ខ្លួនជាមុនសិន ព្រមទាំងបង្ហាញពីភាពស្មោះត្រង់ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕