(ហ្សេរុយសាឡឹម)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំងរៀបចំដំណើរការផ្លាស់ប្តូរស្ថានទូតអាមេរិកទៅកាន់ទីក្រុងដ៏វិសុទ្ធមួយនេះថែមទៀតផង បើទោះបីជាមានការថ្កោលទោសពីអន្តរជាតិក្តី។
សេចក្តីសម្រេចរបស់ប្រធានាធិបតីរូបនេះ បានបង្កការរិះគន់យ៉ាងចាស់ដៃពីសំណាក់មេដឹកនាំជាច្រើនរូបទូទាំងសកលលោក ដោយសារតាមលក្ខខ័ណ្ឌច្បាប់អន្តរជាតិ ហ្សេរុយសាឡឹម មិនអាចជារដ្ឋធានីរបស់អ៊ីស្រាអែលឡើយ។
ក្រោមផែនការបែងចែករបស់អង្គការសហប្រជាជាតិឆ្នាំ១៩៤៧ ទៅលើទឹកដីនេះសម្រាប់ជនជាតិជ្វីហ្វ និងពួកអារ៉ាប់ ទីក្រុងហ្សេរុយសាឡឹមត្រូវបានផ្តល់ឋានៈពិសេសមួយ ដោយត្រូវបានដាក់ក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងរបស់អន្តរជាតិ។
ប៉ុន្តែនៅក្នុងសម័យសង្រ្គាមឆ្នាំ១៩៤៨ កងកម្លាំង Zionist របស់ពួកជ្វីប(អ៊ីស្រាអែល) បានកាន់កាប់ពាក់កណ្តាលភាគខាងលិចនៃទីក្រុង ព្រមទាំងបានប្រកាសថា នោះជាផ្នែកនៃដែនដីរបស់ខ្លួន។ បន្ទាប់មកក្នុងអំឡុងសង្គ្រាមឆ្នាំ១៩៦៧ អ៊ីស្រាអែលដណ្តើមបានពាក់កណ្ដាលខាងកើតនៃ ក្រុងហ្សេរុយសាឡឹមបន្ថែមទៀត ដែលពេលនោះដែនដីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ្ស៊កដានី បន្ទាប់មកអ៊ីស្រាអែល ក៏ចាត់ចែងដាក់បញ្ចូលទីក្រុងនេះផ្ទាល់ក្រោមដែនយុត្តាធិការរបស់ខ្លួន បើទោះបីជាត្រូវបំពានច្បាប់អន្តរជាតិក្តី។
យុត្តាធិការ និងភាពជាម្ចាស់របស់អ៊ីស្រាអែល ទៅលើទីក្រុង ហ្សេរុយសាឡឹម មិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិឡើយ ដោយរួមទាំងសហរដ្ឋ អាមេរិកផងដែរនៅក្នុងពេលនោះ។ នៅឆ្នាំ១៩៨០ អ៊ីស្រាអែលបានអនុម័តច្បាប់ហ្សេរុយសាឡឹម ដោយប្រកាសថា «ទីក្រុងហ្សេរុយសាឡឹមទាំងពីរ ត្រូវបានរួបរួមតែមួយ ហើយជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល»។
ជាការឆ្លើយតបក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចលេខ៤៧៨នៅឆ្នាំ១៩៨០ ដោយប្រកាសថា ច្បាប់ហ្សេរុយសាឡឹមនោះថា «គ្មានតម្លៃ»។ ការដាក់បញ្ចូលដោយខុសច្បាប់របស់អ៊ីស្រាអែល ទៅលើដែនដីភាគខាងកើតក្រុង ហ្សេរុយសាឡឹម បានបំពានលើគោលការណ៍ជាច្រើននៃច្បាប់អន្តរជាតិ ព្រោះថា ការដណ្តើមកាន់កាប់ មិនមានអធិបតេយ្យភាពពេញនៅក្នុងទឹកដីនោះឡើយ។
សហគមន៍អន្ដរជាតិ បានចាត់ទុកថា តំបន់ភាគខាងកើតនៃក្រុង ហ្សេរុយសាឡឹម ត្រឹមតែជាដែនដីកាន់កាប់របស់អ៊ីស្រាអែលប៉ុណ្ណោះ។ ជាងនេះទៅទៀតនោះ គ្មានប្រទេសណាមួយនៅលើពិភពលោកទទួលស្គាល់ទីក្រុងដ៏វិសុទ្ធនេះ ថាជារដ្ឋធានីរបស់អ៊ីស្រាអែលឡើយ លើកលែងតែសហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន។
ចំណែករុស្ស៊ីបានប្រកាសទទួលស្គាល់ថា ដែនដីភាគខាងលិចក្រុងនៃទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល និងចំណែកភាគខាងកើតថាជា «រដ្ឋធានីនៃរដ្ឋ ប៉ាឡេស្ទីន នាពេលអនាគត»។ រហូតមកដល់ពេលនេះស្ថានទូតនៅអ៊ីស្រាអែល នៅតែមានមូលដ្ឋាន នៅរដ្ឋធានីពាណិជ្ជកម្ម តែលអាវីវប៉ុណ្ណោះ ខណៈដែលប្រទេសមួយចំនួនទៀត មានស្ថានកុងស៊ុលរបស់ខ្លួននៅក្រុងយេរូសាឡឹម។
ទោះបីជាអ៊ីស្រាអែលបានកាន់កាប់ទៅលើភាគខាងកើត នៃក្រុងយេរូសាឡឹមក៏ដោយក្តី ក៏ប្រជាជនប៉ាឡេស្ទីនដែលរស់នៅទីនោះ មិនទទួលបានសញ្ជាតិអ៊ីស្រាអែល ឡើយ។ បច្ចុប្បន្នមានជនជាតិប៉ាឡេស្ទីន ប្រមាណ៤២០,០០០នាក់ រស់នៅភាគខាងកើតទីក្រុង ហ្សេរុយសាឡឹម ដោយមានកាន់កាប់ប័ណ្ណ «រស់នៅអចិន្រ្តៃយ៍»។ ពួកគេក៏មានលិខិតឆ្លងដែន ហ្ស៊កដានី បណ្តោះអាសន្នផងដែរ ប៉ុន្តែមិនមានលេខអត្តសញ្ញាណជាតិឡើយ។ នេះមានន័យថាពួកគេក៏មិនមែនជាប្រជាពលរដ្ឋ ហ្ស៊កដានីពេញលេញដូចគ្នា។
ដោយឡែកគម្រោងតាំងទីលំនៅរបស់អ៊ីស្រាអែលនៅភាគខាងកើត ទីក្រុងហ្សេរុយសាឡឹម ក្នុងបំណងពង្រឹងការត្រួតត្រារបស់ខ្លួនលើទីក្រុងនេះ ក៏ត្រូវបានគេចាត់ទុកថាជារឿងខុសច្បាប់ផងដែរក្រោមច្បាប់អន្ដរជាតិ។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា រាល់គម្រោងការតាំងទីលំនៅបែបនេះ ជាការបំពានដោយផ្ទាល់ទៅនឹងអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ដោយក្នុងនោះបានហាមឃាត់ប្រទេសមួយ មិនឱ្យផ្ទេរប្រជាជនរបស់ខ្លួនទៅក្នុងដែនដី ដែលខ្លួនដណ្តើមកាន់កាប់បានឡើយ ក្រោមហេតុផលជាច្រើនគឺ ដើម្បីធានាថាការកាន់កាប់នេះជារឿងបណ្តោះអាសន្ន ដើម្បីរារាំងរដ្ឋកំពុងកាន់កាប់ មិនឱ្យបន្តវត្តមានរបស់ខ្លួនរយៈពេលយូរលើដែនដីដែលខ្លួនកាន់កាប់តាមរយៈការប្រើប្រាស់អំណាចយោធា ដើម្បីការពារជនស៊ីវិលពីការលួចកេងប្រវ័ញធនធាន ដើម្បីការពារការប្រកាន់ពូជសាសន៍ និងបង្កាការផ្លាស់ប្តូរទំរង់ប្រជាសាស្រ្តនៃនៃដែនដីនោះ។
ហេតុនេះដោយយោងតាមច្បាប់អន្តរជាតិ អាចបញ្ជាក់ថា ទីក្រុង ហ្សេរុយសាឡឹមទាំងមូល មិនគួរជារដ្ឋធានីរបស់អ៊ីស្រាអែលឡើយ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា