(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញជំហរគ្មានថ្ងៃងាករេរបស់ខ្លួន នោះគឺការ ជំទាស់យ៉ាងដាច់ខាត រាល់សកម្មភាពទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ លើគ្រប់ទម្រង់ទាំងអស់ ក្នុងនោះរួមមានទាំង ការបោះឆ្នោតធ្វើប្រជាមតិផងដែរ។ នេះបើតាមអ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់ លោក An Fengshan ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
លោក An Fengshan ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបទៅនឹងសំណួរនានា ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតប្រជាមតិ ដែលត្រូវអនុម័តដោយ សភាកោះតៃវ៉ាន់។ លោក An បានលើកឡើងយ៉ាងដូច្នេះថា «យើងជំទាស់ជាដាច់ខាត រាល់គំនិត និងសកម្មភាពទាមទារឯករាជ្យ ក្រោមគ្រប់រូបភាព និងគ្រប់ទម្រង់ទាំងអស់ ហើយជនរួមជាតិទាំងពីរ ត្រូវតែប្រឆាំងនឹងកងកម្លាំងផ្ដាច់ខ្លួន ទាមទារឯករាជ្យរបស់កោះតៃវ៉ាន់»។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ លោក An Fengshan ក៏បានបញ្ជាក់ឡើងវិញដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង ជំទាស់ជាដាច់ខាតទៅនឹងរាល់កិច្ចព្រមព្រៀងយោធារវាង សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយការលើកឡើងនេះទៀតសោត ធ្វើឡើងបន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់ចិនម្នាក់ បានព្រមានថា នឹងអាចកើតមានការប្រើប្រាស់កម្លាំងយោធាលើកោះតៃវ៉ាន់ បើសិនជាកងនាវាចម្បាំងអាមេរិក ត្រូវបានបញ្ជូនមកកាន់ដែនកោះមួយនេះ៕