(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង ជំទាស់ជាដាច់ខាត ទៅនឹងរាល់កិច្ចព្រមព្រៀងយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីមន្រ្តីការទូតជាន់ខ្ពស់ចិនម្នាក់ បានព្រមានអំពីការប្រើប្រាស់កម្លាំងយោធា ដែលអាចផ្ទុះឡើង បើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានបញ្ជូនកងនាវាចម្បាំង មកកាន់លើកោះតៃវ៉ាន់។ នេះបើតាមសម្តីអ្នកនាំពាក្យការិយាល័យក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ លោក An Fengshan លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ ដោយថែមទាំងបញ្ជាក់ដែរថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន។ លោក An បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការព្យាយាមបំផ្លាញដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន នឹងត្រូវប្រឈមមុខនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំង ពីប្រជាជនចិន ហើយការប៉ុនប៉ងនេះ នឹងមិនអាចទទួលបានជោគជ័យជាដាច់ខាត»។ ដោយឡែក បើតាមសេចក្ដីថ្លែង ការណ៍របស់ក្រសួងការបរទេសចិន ចេញផ្សាយនៅដើមសប្ដាហ៍នេះ ក៏បានអះអាងថា ដែរចិននឹងរក្សាគោលនយោបាយ ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ ដែលជួយលើកកម្ពស់សន្តិភាព និងការបង្រួបបង្រួមជាតិដោយសនិ្តវិធី។
គួរបញ្ជាក់ថា ប្រទេសចិនធ្លាប់បានជំរុញជារឿយៗ ឱ្យសហរដ្ឋអាមេរិកគោរពតាមគោលនយោបាយចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមចំនួនបី រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាកោះតៃវ៉ាន់៕