(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បាននិយាយថា ស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល ដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រេចចិត្តប្តូរពីទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញនោះ នឹងមិនអាចធ្វើទៅបាននៅមុនឆ្នាំ២០២០ ដូចការចង់បាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មាន ស៊ីនហួរ ដែលដកស្រង់ចំណុចសំខាន់ពីកាសែត New York Times របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា «លោក ធីល្លឺសុន បានធ្វើសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ស្នាក់ការក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយអះអាងថា ការរុះរើស្ថានទូតពីតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹមវិញនោះ នឹងចំណាយពេលមិនឲ្យដល់ ០៣ឆ្នាំនោះឡើយ ហើយវាគឺជាមហិច្ឆតាមួយដ៏ប្រសើរណាស់»។
គួរបញ្ជាក់ថា បើទោះបីជាតំបន់មួយចំនួន បាននិងកំពុងផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា ពីសំណាក់ពិភពអ៊ីស្លាម ជាពិសេសក្រុមប៉ាឡេស្ទីនក៏ដោយ ក៏សហរដ្ឋអាមេរិកហាក់មិនអើពើបន្តិចនោះឡើយ ដោយសេចក្តីសម្រេចរបស់ប្រធានាធិបតី នៅតែត្រូវយកទៅអនុវត្តន៍ដោយមន្ត្រីក្រោមឱវាទ គ្រាន់តែវាមិនលឿនដូចការដែល លោក ដូណាល់ ត្រាំ ធ្លាប់បានប្តេជ្ញាថា នឹងរើភ្លាមៗនោះឡើយ។
សម្រាប់ពិភពលោកទាំងមូល ការរុះរើស្ថានទូតអាមេរិកទៅកាន់ហ្សេរុយសាឡឹម គឺមានន័យថា អាមេរិកទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលដោយឯកតោភាគី ខណៈដែលបណ្តាប្រទេសផ្សេងៗទាំងអស់ រួមទាំងសម្ព័ន្ធមិត្តទាំងតូចទាំងធំរបស់អាមេរិកផងដែរ គឺទទួលស្គាល់តែរដ្ឋធានីតែលអាវីវជាប់ឆ្នេរសមុទ្រមួយប៉ុណ្ណោះ ដែលជាទីតាំងដាក់បេសកកម្មការទូតផ្លូវការរបស់ពួកគេ ហើយប្រទេសជាច្រើនក៏ធ្លាប់បានប្រកាសផងដែរ នឹងមិនដើរតាមការសម្រេចចិត្តរបស់អាមេរិកនោះឡើយ៕