(ម៉ានីល)៖ សភាហ្វីលីពីនទីបំផុត បានសម្រេចអនុញ្ញាតតាមសំណើរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងការពន្យាពេលច្បាប់អាជ្ញាសឹក នៅលើកោះមីនដាណាវ (Mindanao) ឲ្យមានសុពលភាព សម្រាប់រយៈពេល ០១ឆ្នាំទៀត ដើម្បីទុកឱកាសឲ្យកងទ័ពរដ្ឋាភិបាលកម្ទេចពួកភេរវករ ក៏ដូចជាក្រុមឧទ្ទាម នៅតំបន់ភាគខាងត្បូងប្រទេស ឲ្យអស់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
ពីដំបូងឡើយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសឲ្យអនុវត្តន៍ច្បាប់អាជ្ញាសឹកសម្រាប់រយៈពេលតែ ៦០ថ្ងៃប៉ុណ្ណោះ នៅទូទាំងកោះ Mindanao កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមឧទ្ទាម ដែលជាបណ្តាញរបស់ ISIS បានចូលលុកលុយ និងកាន់កាប់ទីក្រុងម៉ារ៉ាវី (Marawi)។ ខណៈសមរភូមិប្រយុទ្ធរវាង ក្រុមឧទ្ទាមនិងកងទ័ពរដ្ឋាភិបាល ដើម្បីដណ្តើមទីក្រុងនេះមកវិញ ប្រព្រឹត្តទៅយ៉ាងក្តៅគគុក កាលពីខែកក្កដា លោក ឌូតឺតេ បានសុំសភាឲ្យពន្យាច្បាប់អាជ្ញាសឹកដល់ខែធ្នូ ឆ្នាំ២០១៧នេះ ជាសំណើមួយដែលទទួលបានការអនុញ្ញាតយ៉ាងងាយពីសភា។
រយៈពេលប្រមាណ ០៥ខែកន្លងផុតទៅ រដ្ឋាភិបាលហ្វីលីពីន ក៏ដណ្តើមបានក្រុង Marawi យកមកវិញកាលពីខែតុលា ដែលជាការបើកផ្លូវសម្រាប់កិច្ចស្ថាបនាទីក្រុង ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារការប្រយុទ្ធគ្នានេះឡើងវិញ។ នាថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ឌូតឺតេ ក៏ដាក់សំណើជាថ្មីម្តងទៀតដល់សភា ដើម្បីពន្យាសុពលភាពច្បាប់អាជ្ញាសឹកនៅទូទាំងកោះ Mindanao ឲ្យបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីមានពេលវេលាគ្រប់គ្រាន់ ក្នុងការកម្ទេចការគម្រាមកំហែងនៃ អំពើភេរវកម្មចោលទាំងស្រុង នៅតាមតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន៕