(វ៉ាស៊ីនតោន)៖ ក្រោយពីទទួលបាននយោបាយថ្មី និងច្បាស់លាស់ ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រប់ផ្នែកនៅក្នុងទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្តែងចេញនូវការអបអរសាទរ និងគាំទ្រដោយការពេញចិត្តខ្លាំងតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអវកាស Space នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
បើតាមការលើកឡើងរបស់ លោក ត្រាំ កាលពីដើមសប្តាហ៍នេះ គឺប្រធានាធិបតីអាមេរិករូបនេះមានបំណងចង់ «ស្តារការដឹកនាំរបស់អាមេរិក នៅទីអវកាសឡើងវិញ» តាមរយៈការបោះជំហានធំ ទៅស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ប្រកបដោយសក្តានុពលជាងមុន ដោយមិនមែនគ្រាន់តែបញ្ជូនមនុស្សទៅបន្សល់ទុកដានជើង ដោតទង់ជាតិលើឋានព្រះច័ន្ទ ហើយនាំគ្នាត្រឡប់មកផ្ទះវិញដូចកាលពីប៉ុន្មានទសវត្សរ៍មុននោះឡើយ។
សេចក្តីថ្លែងការណ៍របស់ លោក Robert Lightfoot ប្រធានរដ្ឋបាល នៃអង្គការ NASA បានឲ្យដឹងថា «អង្គការ NASA ទន្ទឹងរង់ចាំ ការគាំទ្រដោយផ្ទាល់ប្រកបដោយប្រយុទ្ធសាស្ត្រភ្លឺស្វាង ពីសំណាក់លោកប្រធានាធិបតី ដែលជួយឲ្យយើងបំរើការងារ ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទឡើងវិញ និងធ្វើដំណើរទៅកាន់ភពអង្គារ ព្រមទាំងបើកចំហទ្វារទៅរកទីអវកាសឆ្ងាយៗផងដែរ»។
គួរបញ្ជាក់ថា នយោបាយអវកាសថ្មីរបស់ លោក ដូណាល់ ត្រាំ ដែលទើបត្រូវបានចុះហត្ថលេខាទទួលស្គាល់នាដើមសប្តាហ៍នេះ គឺផ្តោតសំខាន់លើចំណុចធំៗមួយចំនួនដូចជា ការធ្វើកិច្ចសហការរវាងស្ថាប័នរដ្ឋ និងឯកជនលើការអភិវឌ្ឍកម្មវិធីអវកាស, ការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ជម្រុញការស្រាវជ្រាវទីអវកាសឆ្ងាយៗ, ការអភិវឌ្ឍវិស័យអវកាស ដើម្បីឲ្យអាមេរិកនៅតែបន្តនាំមុខគេ និងការពុះពារទៅរកបេសកកម្មថ្មីៗប្លែកៗ ព្រមទាំងការស្វែងរករបកគំហើញថ្មីៗ និងបច្ចេកវិទ្យាដែលអាចរុញច្រានអាមេរិក ទៅរកអនាគតភ្លឺស្វាងផងដែរ៕