(ប៉េកាំង)៖ ប្រទេសចិនប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធប្រចាំឆ្នាំលើកទី៨០ នៅថ្ងៃពុធនេះ ដល់ជនរងគ្រោះនៃការសម្លាប់រង្គាល នៅក្នុងទីក្រុងណានជីង ដោយកងទ័ពជប៉ុននៅអំឡុងសម័យ សង្រ្គាមកាលពីឆ្នាំ១៩៣៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
បណ្ដាថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនីស្ដចិន និងរដ្ឋាភិបាលចិន បានចូលរួមនៅក្នុងពិធីរំលឹកខួបនេះ នៅឯទីលានស្ថិតនៅខាងមុខសាលគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការសម្លាប់រង្គាលប្រជាជនចិនក្នុងទីក្រុងណានជីង។ ជប៉ុនបានឈ្លានពានតំបន់ភាគឦសានប្រទេសចិន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៣១ ហើយបានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំ លើប្រទេសចិននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៣៧។
បន្ទាប់មកទៀត រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ ទើបកងទ័ពជប៉ុន បានវាយដណ្ដើមយកទីក្រុងណានជីង ព្រមទាំងបានចាប់ផ្ដើមសម្លាប់ប្រជាជនចិនជាង ៣០០,០០០នាក់ ក្នុងរយៈពេល ៤០ថ្ងៃ រីឯស្ត្រីជនជាតិចិន ២០,០០០នាក់ ត្រូវបាន កងទ័ពជប៉ុនរំលោភបំពានផ្លូវភេទ។
គួរបញ្ជាក់ថា ដោយសាររឿងប្រវត្តិសាស្ត្រសង្គ្រាមមួយនេះ បានធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងចិន មានភាពល្អក់កករនឹងគ្នាស្ទើរជារៀងរាល់ឆ្នាំ នៅពេលទីក្រុងប៉េកាំង ប្រារព្ធខួបនេះម្ដង ដោយចិនតែងតែទាមទារឱ្យជប៉ុនធ្វើការសូមទោស ប៉ុន្តែទីក្រុងតូក្យូបានបដិសេធ៕