(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក បានបាញ់ធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនាវាចម្បាំង LRASM ចេញពីយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាព B-1B ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
ក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីរបស់សហរដ្ឋអាមេរិក Lockheed Martin បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា ក្នុងអំឡុងការធ្វើតេស្តនៅលើទីតាំងធ្វើតេស្តក្នុងរដ្ឋកាលីហ្វរញ៉ា ក្រុមអាកាសយានិករបស់ យន្តហោះ B-1B បានបាញ់មីស៊ីល LRASM ចំនួន ០២គ្រាប់ ព្រមៗគ្នាសំដៅទៅលើគោលដៅលើផ្ទៃទឹក ហើយសម្រេចកម្មវត្ថុចម្បង នៃការសាកល្បងដោយជោគជ័យ។
គួរជម្រាបថា មីស៊ីល LRASM ត្រូវបានរចនាឡើង ដើម្បីរុករកនិងកម្ទេចគោលដៅជាក់លាក់នានា នៅក្នុងក្រុមនាវាចម្បាំង។ មីស៊ីលដ៏ទំនើបនេះ អាចប្រើប្រាស់ដើម្បីវាយប្រហារទៅលើនាវាចម្បាំង នាវាមុជទឹកជម្រៅរាក់ៗ, យន្តហោះដ្រូន, យន្តហោះចម្បាំង, រួមទាំងគោលដៅនៅលើដីគោកផងដែរ។ កាលពីខែកក្កដាកន្លងទៅ កងទ័ពអាមេរិកផ្តល់កុងត្រាឲ្យក្រុមហ៊ុន Lockheed Martin តម្លៃ ៨៦លានដុល្លារ ដើម្បីផលិតមីស៊ីល LRASM ចំនួន ២៣គ្រាប់ ដំបូង៕