(វ៉ាស៊ីនតោន)៖ អ្នកជំនាញអាមេរិកមួយក្រុម ដែលតាមដានបញ្ហាពាក់ព័ន្ធនឹងកូរ៉េខាងជើង បានអះអាងអំពីព័ត៌មានថ្មីមួយ ក្រោយពីបានធ្វើការអង្កេតយ៉ាងសម្ងាត់ មួយរយៈពេលកន្លងទៅនេះថា ទីក្រុងព្យុងយ៉ាងកំពុងតែរៀបចំខ្លួន ដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរមួយផ្សេងទៀតនៅឯមូលដ្ឋាន ភុងគ្យេរី (Punggye-ri) ភាគឦសានប្រទេសរបស់ខ្លួន ដែលសេចក្តីរាយការណ៍ថា បានដួលរលំទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
អ្នកវិភាគបីរូបមកពីក្រុមអ្នកវិភាគលើតំបន់ឧបទ្វីបកូរ៉េ 38 North បានឲ្យដឹង បើតាមសំណុំរូបភាពពីផ្កាយរណប ទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri មានសកម្មភាពមមាញឹកជាប់មកជានិច្ច នាពេលកន្លងទៅនេះ។ មូលដ្ឋាន Punggye-ri ដែលស្ថិតនៅក្បែរភ្នំ Mantap គឺជាកន្លែងដែលការធ្វើតេស្តនុយក្លេអ៊ែរទាំង ០៦ របស់កូរ៉េខាងជើង រាប់ចាប់ពីឆ្នាំ២០០៦មក និងរួមទាំងការធ្វើតេស្តចុងក្រោយបំផុតកាលពីខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានធ្វើឡើង។
យ៉ាងណាមិញ អ្នកវិភាគផ្សេងទៀតបានលើកឡើងថា បើតាមការសង្កេតឃើញ មានសកម្មភាពរំញ័រតូចៗជាបន្តបន្ទាប់នោះ មូលដ្ឋាន Punggye-ri ប្រហែលជាពុំមានស្ថិរភាពឡើយនាពេលបច្ចុប្បន្ន ដែលប្រការនេះអាចបង្ខំឲ្យផ្លូវរូងក្រោមដីថ្មី ត្រូវបង្កើតឡើង ខណៈមានតែតំបន់ច្រកខាងលិចប៉ុណ្ណោះ ដែលទំនងជាត្រូវប្រើប្រាស់ សម្រាប់ការធ្វើតេស្តបន្ទាប់ទៀតបាន។ ម៉្យាងវិញទៀត ការរៀបចំដើម្បីធ្វើតេស្តនុយក្លេអ៊ែរសាជាថ្មី អាចតម្រូវឲ្យកូរ៉េខាងជើងចំណាយពេលយ៉ាងតិច ០១ឆ្នាំ ឬយូរជាងនេះ ដោយសម្អាងថា ការធ្វើតេស្តពីរលើកចុងក្រោយនេះ ត្រូវបានធ្វើឡើងឃ្លាតគ្នារយៈពេល ០១ឆ្នាំ៕