(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយ អែលម៉ាក្រុង បានប្រមូលផ្ដុំមេដឹកនាំពិភពលោក មកប្រជុំគ្នាក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាលើហិរញ្ញវត្ថុ សម្រាប់ការចូលរួមចំណែក កាត់បន្ថយការកើនឡើងកម្ដៅផែនដី បន្ទាប់ពីប្រជាជាតិ ១៩៥ ប្រទេសបានអនុម័តលើកិច្ចព្រមព្រៀង ស្ដីពីបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងនៅមុនកិច្ចប្រជុំកំពូល One Planet Summit ឬផែនដីតែមួយកាលពីថ្ងៃអង្គារ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា សន្និសីទនេះ នឹងជំរុញឱ្យមានការធ្វើសកម្មភាពជាលើកដំបូង ជាពិសេសគឺជាការផ្ដល់ហិរញ្ញវត្ថុ គាំទ្រដល់សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះ រួមទាំងប្រទេសងាយរងគ្រោះ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះ ដោយស្នើឱ្យកែតម្រូវលក្ខខណ្ឌមួយចំនួន ដែល លោកផ្ទាល់យល់ថា ប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក ប៉ុន្តែលោក ម៉ាក្រុង សង្ឃឹមថាលោក ត្រាំ អាចនឹងផ្លាស់ប្ដូរចិត្ត ខណៈអាល្លឺម៉ង់បានអះអាងថា សហរដ្ឋអាមេរិកលែង ក្លាយជាមហាអំណាចពិភពលោកទៀតហើយ ដោយសារការដកខ្លួនពីកិច្ចព្រមព្រៀងនេះ៕