(សេអ៊ូល)៖ លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងកសាងប្រទេសកូរ៉េខាងជើង ឲ្យក្លាយទៅជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុត នៅលើពិភពលោក ខណៈប្រជាជាតិដ៏រឹងទទឹងនេះ ហាក់ដូចជាមិនបានបង្ហាញសញ្ញាថា នឹងបន្ថយល្បឿនអភិវឌ្ឍន៍ កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ដែលកំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់អន្តរជាតិទាំងមូល អ្វីបន្តិចសោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មាន KCNA លោក គីម បានប្រាប់ក្រុមការងារ នៅពីក្រោយការធ្វើតេស្តនាពេលថ្មីៗនេះ នៃមីស៊ីលផ្លោងជំនាន់ថ្មីរបស់ខ្លួនថា ប្រទេសជាតិរបស់លោក នឹងរីកចម្រើនទៅមុខប្រកបដោយភាពជោគជ័យ ហើយបោះជំហានឈានក្លាយទៅជាមហាអំណាចយោធា និងមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងជាងគេបង្អស់ នៅលើពិភពលោក។
គួរជម្រាបថា ការប្តេជ្ញាយ៉ាងមុតមាំបែបនេះរបស់ លោក គីម ជុងអ៊ុន បានកើតមានឡើងគាប់ជួនពេលដែលប្រមុខការទូតអាមេរិក លោក រ៉ិច ធីល្លឺសុន បានបង្ហាញជំហរទន់ភ្លន់ជាងមុន ស្តីពីការបើកកិច្ចចរចាជាមួយកូរ៉េខាងជើង ដែលលែងតម្រូវឲ្យមានលក្ខខណ្ឌដោះដូរជាមុនទៀតឡើយ។ ការថ្លែងរបស់ លោក គីម ធ្វើឡើងនៅក្នុងសន្និសីទមួយ ដែលមានការចូលរួមពីក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនានាក្នុងស្រុក ដែលកូរ៉េខាងជើងកំពុងលើកតម្កើង ដើម្បីអភិវឌ្ឍន៍វិស័យការពារជាតិរបស់ខ្លួន ដោយចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចនេះ ជាការគំរាមកំហែងដល់ខ្លួនខ្លាំងបំផុត៕