(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានលើកឡើងពីការចាប់ផ្តើមបើកកិច្ចចរចាដោយផ្ទាល់ ជាមួយកូរ៉េខាងជើងដោយពុំមានលក្ខខណ្ឌជាមុននោះឡើយ ពោលគឺទីក្រុងវ៉ាស៊ីនតោន លែងទាមទារឲ្យទីក្រុងព្យុងយ៉ាងដាច់ខាត ត្រូវតែបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ បើចង់ឲ្យមានការចរចាគ្នាណាមួយ កើតឡើងបានទៀតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅឯរដ្ឋធានីវ៉ាស៊ីនតោន ប្រមុខការទូតអាមេរិករូបនេះ បាននិយាយថា «ជួបគ្នាសិនទៅ! សហរដ្ឋអាមេរិកអាចចូលតុចរចាបានគ្រប់ពេល នៅពេលដែលកូរ៉េខាងជើងត្រៀមរួចរាល់ថា នឹងចរចាគ្នា។ យើងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួបទល់មុខគ្នាជាលើកដំបូង ដោយពុំមានលក្ខខណ្ឌជាមុននោះឡើយ។ វាពិតជាមិនទំនងឡើយ ក្នុងការនិយាយថា យើងនឹងចរចាលុះត្រាតែទីក្រុងព្យុងយ៉ាង មកចូលអង្គុយតុចរចា ដោយត្រៀមចិត្តបោះចោល កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រួចស្រេចទៅហើយនោះ»។
ការអត្ថាធិប្បាយខាងលើរបស់ លោក ធីល្លឺសុន បានបង្ហាញពីការផ្លាស់ប្តូរគោលជំហរមួយ ដែលផ្ទុយពីសេចក្តីថ្លែងការណ៍នាពេលកន្លងទៅ របស់មន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួន ដែលតម្រូវឲ្យកូរ៉េខាងជើងបង្ហាញថា ខ្លួនពិតជាច្បាស់លាស់ ក្នុងការពិភាក្សាអំពីការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ មុនកិច្ចចរចាផ្លូវការនានា អាចចាប់ផ្តើមប្រព្រឹត្តទៅបាន។ យ៉ាងណាមិញ គេពុំទាន់ដឹងច្បាស់នៅឡើយទេណា ការប្រែប្រួលនេះទទួលការការគាំទ្រទាំងស្រុង ពីសំណាក់ លោក ដូណាល់ ត្រាំ ដែរឬក៏អត់ឡើយ។
គួរជម្រាបថា ការលើកឡើងរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិកនេះ ក៏ត្រូវបានធ្វើឡើងប្រមាណ ០២សប្តាហ៍ ក្រោយកូរ៉េខាងជើង បានបាញ់ធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ថ្មី Hwasong-15 ផងដែរ បន្ទាប់ពីរដ្ឋកុម្មុយនិស្តមួយនេះ មានភាពស្ងប់ស្ងាត់អស់រយៈពេលជាង ០២ខែ។ ម៉្យាងវិញទៀត ប៉ុន្មានខែកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានធ្វើសង្រ្គាមពាក្យសម្តីធ្ងន់ៗដាក់គ្នាទៅវិញមក ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមបញ្ចេញភ្លើងកំហឹងដ៏ក្តៅរោលរាល ដាក់ទីក្រុងព្យុងយ៉ាង និងកម្ទេចប្រទេសកូរ៉េខាងជើងចោលទាំងស្រុងតែម្តង៕