អភិបាលក្រុង San Francisco ស្លាប់ក្នុងវ័យ៦៥ឆ្នាំ
13-12-2017 08:17
(អាមេរិក)៖ លោក Ed Lee ដែលជាពលរដ្ឋអាមេរិក ដើមកំណើតអាស៊ី លើកទីមួយ ដែលជាអភិបាលក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក បានស្លាប់នៅព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្នុងវ័យ៦៥ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង, នេះបើយោងតាមសារព័តមានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១២ ខែធ្នូនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយការិយាល័យរបស់លោកអភិបាលក្រុង បានឲ្យដឹងថា «គំនិត និងការបួងសួងរបស់ពួកយើង គឺនៅជាមួយនឹងលោកស្រី Anita ត្រូវជាភរិយា និងកូនស្រី២នាក់របស់លោក គឺ Brianna និង Tania ព្រមទាំងក្រុមគ្រួសាររបស់លោក»។
សូមជម្រាបថា លោក Ed Lee បានឡើងកាន់តំណែង ជាអភិបាលក្រុងទី៤៣ នៃទីក្រុង San Francisco នៅក្នុងឆ្នាំ២០១២ ហើយក៏ជាអភិបាលក្រុង ដែលមានដើមកំណើតអាស៊ី នៅក្នុងប្រវត្តិសាស្ត្រ របស់ទីក្រុង San Francisco ផងដែរ៕