Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រី៖ ថៃមិនមានពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើងនោះទេ​, មុនពេលមានដំណើរទស្សនកិច្ច របស់ប្រេសិតសហរដ្ឋអាមេរិក

13-12-2017 08:14

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មិនមានការធ្វើពាណិជ្ជកម្មនោះទេ រវាងប្រទេសរបស់លោក ជាមួយនឹងប្រទេសកូរ៉េខាងជើង, នេះបើយោងតាមសារព័ត៌មាន RT News ចុះផ្សាយឲ្យដឹងនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងនៅមុនពេលដែលមានការរំពឹងទុកថា នឹងមានដំណើរទស្សនកិច្ចមួយ ដោយប្រេសិតមួយរូប របស់សហរដ្ឋអាមេរិក មកកាន់ប្រទេសថៃ ដើម្បីស្វែងរកការបង្កើនសំពាធ លើកូរ៉េខាងជើង ស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង។

គួរជម្រាបថា រដ្ឋាភិបាលទីក្រុង Washington បាននឹងកំពុងជម្រុញឲ្យបណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ធ្វើការងារបន្ថែមទៀត ដើម្បីកាត់ផ្តាច់ចរន្តថវិកា របស់កូរ៉េខាងជើង។ «ប្រទេសថៃ ធានាថា យើងបានគោរពតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ», នេះបើតាមសម្តីលោកនាយករដ្ឋមន្ត្រីថៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោកបន្តថា «មានសេចក្តីរាយការណ៍ថា មានទូកកូរ៉េខាងជើង នៅលើដែនដីរបស់យើង ខ្ញុំបានហាមប្រាមពួកគេ អស់រយៈពេលជាយូរណាស់មកហើយ», លោកបានបញ្ជាក់ថា «មិនមានការធ្វើពាណិជ្ជកម្ម មិនមានការជំនួញនោះទេជាមួយកូរ៉េខាងជើង»

សូមជម្រាបដែរថា លោក Joseph Yun អ្នកតំណាងពិសេសសហរដ្ឋអាមេរិក សម្រាប់គោលនយោបាយកូរ៉េខាងជើង នឹងមកដល់ទីក្រុងបាងកក នៅសប្តាហហ៍នេះ៕