(អឺរ៉ុប)៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International (AI) បានចង្អុលមុខបណ្ដារដ្ឋាភិបាលអឺរ៉ុបថាមានចេតនាចូលរួមក្នុងអំពើធ្វើទារុណកម្ម និងរំលោភ បំពានលើជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅក្នុងប្រទេសលីប៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
ផ្អែកលើរបាយការណ៍របស់ខ្លួន AI បានឱ្យដឹងថា នៅក្នុងកិច្ចខិតខំប្រឹងទប់ស្កាត់លំហូរចូលជនភៀសខ្លួនមកកាន់ទ្វីបអឺរ៉ុប សហភាពអឺរ៉ុប ផ្ទាល់បាននិងកំពុងគាំទ្រយ៉ាង សកម្មដល់ប្រព័ន្ធរំលោភបំពាន និងការធ្វើអាជីវកម្មលើមនុស្សនៅឯឈូងសមុទ្រលីប៊ី។ បន្ថែមពីលើនេះ អង្គការអន្តរជាតិនេះដដែល ក៏បានអះអាងដែរថាមូលនិធិសហភាព អឺរ៉ុបបែរជាធ្លាក់ដល់ដៃបណ្ដាក្រុមអាជ្ញាធរពាក់ព័ន្ធមួយចំនួន ដែលកំពុងធ្វើការងារជាមួយពួកអន្ធពាល និងពួកជួញដូរមនុស្សទៅវិញ។
គួរបញ្ជាក់ថា បើតាមអង្គការលើកលែងទោសអន្តរជាតិ មនុស្សជាង ២០,០០០នាក់ ត្រូវបានអាជ្ញាធរលីប៊ីចាប់ឃុំខ្លួននៅតាមមជ្ឈមណ្ឌលជាច្រើននៅក្នុងប្រទេស ហើយភាគច្រើននៃអ្នកជាប់ឃុំទាំងនេះត្រូវបានគេរំលោភបំពាន ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការ គំរាមកំហែង ឬក៏ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់នៅក្នុងកណ្ដាប់ដៃអាជ្ញាធរ ពួកជួញដូរមនុស្ស និងពួកអន្ធពាលជាដើម៕