(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលផុតលេខនៃ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហៅកាត់ថា DPRK (កូរ៉េខាងជើង) គឺលោក គីម ជុងអ៊ុន បានអញ្ជើញបង្ហាញវត្តមាន នៅក្នុងសន្និសីទលើកទី ៨ ដ៏ធំមួយ ស្តីពីវិស័យឧស្សាហកម្មសព្វាវុធនៅក្នុងប្រទេស ដែលបានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃចន្ទម្សិលមិញ នៅឯរដ្ឋធានីព្យុងយ៉ាង។ នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ KCNA បានឲ្យដឹងថា សន្និសីទខាងលើត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងត្រួតពិនិត្យ ទៅលើសមិទ្ធផលសម្រេចបាន រួមទាំងបទពិសោធន៍នានា នៅក្នុងឧស្សាហកម្មសព្វាវុធ ក៏ដូចជាពិភាក្សាអំពីវិធានការចាំបាច់ ដើម្បីបន្តអភិវឌ្ឍន៍វិស័យការពារជាតិ ដែលពឹងផ្អែកលើមនោគមន៍វិជ្ជា Juche ឲ្យរីកចម្រើនទៅមុខកាន់តែខ្លាំងថែមទៀត។
ពាក្យ Juche មានន័យថា «ស្វ័យទីពឹងខ្លួន» គឺជាមនោគមន៍វិជ្ជាមួយនៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីសម្រេចនូវឯករាជ្យភាពទាំងស្រុងដាច់ខាត ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច យោធា និងកិច្ចការអន្តរជាតិ។ សន្និសីទខាងលើនេះផងដែរ ត្រូវបានធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានសម្រេចជោគជ័យដ៏ធំមួយ នៅក្នុងកម្មវិធីអាវុធប្រល័យលោករបស់ខ្លួន គឺតាមរយៈការបាញ់តេស្តមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ថ្មី Hwasong-15 ដែលត្រូវបានអះអាងថា មានសមត្ថភាពបាញ់ដល់ រដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក៕