(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ បានយល់ព្រមអនុម័តហើយ លើគំរោងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការកសាងស្ថានីយ៍អវកាសថ្មី នៅលើគន្លងគោចរជុំវិញឋានព្រះច័ន្ទ ព្រមទាំងបង្ហាញក្ដីសង្ឃឹមផងដែរថា គំរោងនេះនឹងផ្ដល់ឱកាសឱ្យអ្នកអវកាសជប៉ុន ធ្វើទស្សនកិច្ចលើផ្ទៃព្រះច័ន្ទជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីហ្សូ អាបេ បានថ្លែងយ៉ាងដូច្នេះថា «តំបន់សកម្មភាពសម្រាប់មនុស្ស នៅក្នុងទីអវកាស ក្នុងនោះរួមមានទាំងការអភិវឌ្ឍជុំវិញព្រះច័ន្ទ បានរីកសាយកាន់តែធំ។ យើងនឹងបង្កើនកិច្ចពិភាក្សា លើការសិក្សាស្រាវជ្រាវអន្តរជាតិ ទាក់ទិននឹងទីអវកាស តាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃ»។
គួរបញ្ជាក់ថា ការចូលរួមក្នុងគំរោងទីអវកាសរបស់ជប៉ុន ត្រូវបានគេជឿជាក់ថា នឹងបញ្ចប់ក្នុងឆមាសទីមួយឆ្នាំ២០២០ ក៏ដូចជាអាចផ្គត់ផ្គង់យានដឹកជញ្ជូន និងបច្ចេក វិទ្យាដែលអាចជួយបង្ការសារធាតុវិទ្យុសកម្មក្នុងទីអវកាស។ ការសម្រេចចិត្តរបស់ជប៉ុននេះ គឺបានកើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចគោលនយោបាយថ្មី ដោយដាក់ឋានព្រះច័ន្ទជាគោលដៅទីមួយ សម្រាប់អាមេរិកធ្វើអាណានិគម៕