(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បញ្ជាក់ជាថ្មីឡើងវិញថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង គឺទុកប្រើប្រាស់ដើម្បីការការពារខ្លួនតែប៉ុណ្ណោះ ប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
លោក មូន ជែអ៊ីន ថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ចិន CCTV មុនពេលបំពេញដំណើរទស្សនកិច្ច មកកាន់ប្រទេសចិន។ ថ្លែងនាឱកាសនោះដែរ លោក មូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD គឺជាវិធានការការពារខ្លួនសុទ្ធសាធ ហើយគ្មានបំណងបំផ្លាញដល់ ផលប្រយោជន៍សន្តិសុខចិននោះទេ... ម្យ៉ាងវិញទៀតកូរ៉េខាងត្បូង យល់ពីក្ដីបារម្ភរបស់ទីក្រុងប៉េកាំង ដូច្នេះយើងនឹងរក្សាសន្យាថា THAAD នឹងត្រូវបានប្រើប្រាស់សម្រាប់ ប្រឆាំងនឹងមីស៊ីលកូរ៉េខាងជើងតែមួយគត់ ដោយមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិចិនឡើយ»។
គួរបញ្ជាក់ថា លោក មូន ជែអ៊ីន នឹងផ្ដើមបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង ពីថ្ងៃពុធស្អែកនេះរហូតដល់ថ្ងៃសៅរ៍។ ដោយឡែក បើតាមការគ្រោងទុកលោកនឹង ត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើប្រធានបទមួយចំនួនដូចជា សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង ទំនាក់ទំនងទ្វេភាគី ព្រមទាំងការដាក់ពង្រាយ THAAD ដែលទីក្រុងប៉េកាំងមើលឃើញថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន និងជាមូលហេតុធ្វើឱ្យកូរ៉េខាងជើង ចេះតែបង្ករឿងឥតឈប់ឈរ៕