(ប៉េកាំង)៖ ចានផ្កាយរណបដ៏មហិមា និងធំជាងគេបង្អស់លើលោក របស់ប្រទេសចិន ដែលមានឈ្មោះថា FAST បានរកឃើញផ្កាយ Pulsars ចំនួន ០៣បន្ថែមទៀតពីលើផ្កាយ Pulsar ចំនួន០៦ គិតចាប់តាំងតែពីប្រតិបត្តិការសាកល្បងរបស់វា បានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០១៦មក។ នេះបើតាមការឲ្យដឹងពី ទីភ្នាក់ងារសង្កេតផ្នែកតារាសាស្រ្តជាតិរបស់ប្រទេសចិន NAOC ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម លោក Zhang Shuxin អនុប្រធាននៃសាខារបស់ NAOC នៅខេត្ត Guizhou របកគំហើញនៃផ្កាយ Pulsar ជាច្រើនថែមទៀត នឹងជារឿងសាមញ្ញទូទៅសម្រាប់ FAST នាថ្ងៃអនាគត។ លោក Li Di ប្រធានក្រុមអ្នកវិទ្យាសាស្រ្ត នៃអង្គភាពវិទ្យុសញ្ញាតារាសាស្រ្តរបស់ NAOC បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ នាពេលកន្លងទៅនេះ នៅពេលដែល FAST ចាប់ផ្តើមប្រតិបត្តិផ្លូវការរបស់វានាឆ្នាំ២០១៩ ចានតេឡេស្កូបយក្សនេះ នឹងរកឃើញវត្តមានរបស់ផ្កាយ Pulsar មិនក្រោម ១០០ឡើយ ក្នុងមួយឆ្នាំៗ។
ការតាមដានក៏ដូចជាឃ្លាំមើលតារា Pulsar គឺជាមានសារៈសំខាន់ជាខ្លាំង ដោយសារតែវាអាចប្រើប្រាស់ ដើម្បីបញ្ជាក់ពីវត្តមានរបស់រលកទំនាញ Gravitaional Radiation ព្រមទាំងប្រហោងខ្មៅ និងជួយផ្តល់ចម្លើយសម្រាប់សំណួរធំៗដទៃទៀត នៅក្នុងផ្នែករូបវិទ្យា។ Pulsar គឺជាប្រភេទផ្កាយនឺត្រុង ឬ White Dwarf ដែលវិលក្នុងល្បឿនយ៉ាងលឿនខ្ញាល់ ហើយបញ្ចេញរលកវិទ្យុសកម្មអេឡិចត្រូម៉ាញេទិចពីខ្លួនវា។
គួរជម្រាបថា FAST ដែលមានឈ្មោះពេញថា Five-hundred-meter Aperture Spherical Radio Telescope មានទំហំសម្រាប់ទទួលយករលកសញ្ញា ស្មើនឹងតារាងបាល់ ៣០រួមបញ្ចូលគ្នា ហើយមុខងារចម្បងរបស់វា រួមមានទាំងការឃ្លាំមើលផ្កាយ Pulsar ក៏ដូចជាការស្រាវជ្រាវរុករកនៃរលកសញ្ញាទាក់ទងឆ្លងប្រព័ន្ធផ្កាយជាដើម៕