(ប៉េកាំង)៖​ កងកម្លាំងទ័ព​អាកាសចិន បានដឹកនាំការធ្វើសមយុទ្ធហោះ​ហើរល្បាតជាទម្លាប់ កាត់តាមច្រក​សមុទ្រ បាហ្ស៊ី (Bashi) និង មីយ៉ាកុ (Miyako) ហើយដែលការ​​ហោះហើរនេះ ធ្វើឡើងស្របទៅ​តាមច្បាប់អន្តរជាតិ។ នេះបើតាមអ្នក​នាំពាក្យកងកម្លាំងទ័ព​អាកាសចិន ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងជំនួបមួយ​នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យកង​កម្លាំងទ័ព​អាកាសចិន លោក ហ្សេន ជីងកេ (Shen Jinke) បានឱ្យដឹងថា ការធ្វើសមយុទ្ធហោះហើរ​នេះ មានការចូលរួម​ពីយន្ដហោះ ទម្លាក់​គ្រាប់បែក H-6K, យន្ដហោះ​ចម្បាំង Su-30, J-11 fighters, យន្ដហោះស៊ើបការណ៍, យន្ដហោះប្រកាសអាសន្ន និងយន្ដហោះ​ដឹកប្រេងជាដើម។ មួយវិញទៀត ការធ្វើសមយុទ្ធ នេះទៀតសោត គឺមានគោលបំណងពង្រឹង​សមត្ថភាព ហោះហើររយៈចំងាយឆ្ងាយ ព្រមទាំងសមត្ថភាព​ការពារដែន​អធិបតេយ្យជាតិ និងបូរណភាព​ទឹកដី។

គួរបញ្ជាក់ថា បើតាមលោក Shen Jinke ការធ្វើសមយុទ្ធយោធារបស់ចិន គឺធ្វើឡើងដោយស្របច្បាប់អន្តជាតិ ក៏ដូចជាទម្លាប់ធម្មតាប៉ុណ្ណោះ ហើយកងកម្លាំងទ័ពអាកាស ចិននឹងបន្តដឹកនាំ​ការធ្វើសមយុទ្ធ​ហោះហើរ រយៈចំងាយឆ្ងាយ​នៅពេល​អនាគត៕