(កៀវ)៖ តុលាការក្នុងទីក្រុងកៀវ​នាដើមសប្តាហ៍នេះ បានទាត់ចោល​សំណើរបស់​អគ្គរដ្ឋអាជ្ញា​អ៊ុយក្រែន ក្នុងការដាក់​អតីត​​ប្រធានា​ធិបតី​ហ្សកហ្ស៊ី លោក មីឃែល សាកាសវីលី (Mikheil Saakashvili) ដែលបច្ចុប្បន្នជា​មេដឹកនាំគណបក្ស​នយោបាយមួយ របស់ប្រទេសអឺរ៉ុប​ខាងកើត​មួយនេះ​ ឲ្យស្ថិតក្រោម​ការឃុំឃាំង​ក្នុងផ្ទះ និងបានសម្រេច​ដោះលែងរូបលោក ឲ្យមានសេរីភាព​វិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

លោក Saakashvili បច្ចុប្បន្នជា​ថ្នាក់ដឹកនាំមួយរូប នៃគណបក្សនយោបាយ​អ៊ុយក្រែន​មានឈ្មោះថា «ចលនាកម្លាំងថ្មី» បានដើរ​ចាក​ចេញពី​តុលាការ ដោយមានការ​ចោមរោម ពីសំណាក់ក្រុមអ្នកគាំទ្ររបស់​លោក។ បន្ទាប់ពីបានច្រានចោល​សំណើរបស់​​អគ្គ​រដ្ឋ​អា​ជ្ញា​​អ៊ុយក្រែន ក្នុងការឃុំឃាំង លោក Saakashvili នៅក្នុងផ្ទះរហូត​ដល់ពេលត្រូវឡើង​តុលាការនោះ ចៅក្រម ឈ្មោះ ឡារីសា ត្សូកូល (Larysa Tsokol) បាន​លើក​​ឡើងថា សេចក្តីសម្រេចរបស់​តុលាការ អាចត្រូវប្តឹងជំទាស់​ពីសំណាក់ក្រុម​រដ្ឋអាជ្ញាបាន ក្នុងអំឡុងពេល ០៥ថ្ងៃបន្ទាប់។

គួរជម្រាបថា លោក Saakashvili ត្រូវបានគេឃាត់ខ្លួន​កាលពី​ថ្ងៃទី០៨ ខែធ្នូ ក្រោមការចោទ​ប្រកាន់ថា មានពាក់ព័ន្ធនឹង​សមាជិក​នៃ​ក្រុម​ឧក្រិដ្ឋជន ហើយជួយបិទ​បាំងសកម្មភាពឧក្រិដ្ឋកម្ម​របស់ពួកគេ។ ប្រធានាធិបតី​អ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បាន​បញ្ជាក់ថា បណ្តឹងចោទប្រកាន់​ទៅលើ លោក Saakashvili គឺពុំមានជាប់ពាក់ព័ន្ធ​នឹងសកម្មភាព​នយោបាយរបស់​អតីតមេដឹកនាំ​ហ្សក​ហ្ស៊ី​រូបនេះ​ឡើយ៕