បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា «ឈានដល់ចំណុចអាក្រក់ថ្មីមួយ» ខណៈមានការចោទប្រកាន់លើយោធាមីយ៉ាន់ម៉ាថា ជុំវិញការរំលោភបំពានផ្លូវភេទ...
12-12-2017 12:34
(មីយ៉ាន់ម៉ា)៖ ការស៊ើបអង្កេតមួយដឹកនាំដោយ ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានបង្ហាញស្ត្រីជាជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជាច្រើននាក់ ត្រូវបានយោធាមីយ៉ាន់ម៉ារំលោភបំពានផ្លូវភេទ ជាលក្ខណៈប្រព័ន្ធ នៅអំឡុងពេលធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ Rakhine។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម AP ការស៊ើបអង្កេតនេះ ធ្វើឡើងដោយផ្អែកលើការសាកសួរស្រ្តី និងក្មេងស្ត្រីរ៉ូហ៊ីងយ៉ា ២៩នាក់។ ប៉ុន្តែខាងភាគីរដ្ឋាភិបាលមីយ៉ាន់ម៉ាបានទាត់ចោល រាល់ការចោទប្រកាន់ ទាំងឡាយដោយអះអាងថា ស្ត្រីរ៉ូហ៊ីងយ៉ាទាំងនេះបាននិយាយកុហក។ ដោយឡែក ជុំវិញការស៊ើបអង្កេតនេះដែរ បេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហា រំលោភបំពានផ្លូវភេទ លោកស្រី Pramilla Patten បានគូសបញ្ជាក់ថា ការចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើព្រៃផ្សៃ ប្រឆាំងនឹងស្ត្រីជនជាតិរ៉ូហ៊ីងយ៉ា អាចចាត់ទុកបានថា ជាឧក្រិដ្ឋកម្មសង្រ្គាម, ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងជាអំពើប្រល័យពូជសាសន៍។
គួររំលឹកថា អំពើហិង្សានៅក្នុងរដ្ឋ Rakhine រវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា បានផ្ទុះឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយ ផ្ដាច់យកអាយុជីវិតមនុស្សរាប់រយនាក់ និងបង្ខំឱ្យប្រជាជនរ៉ូហ៊ីងយ៉ាច្រើនជាង ៦២០,០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស៕