(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យ​សេតវិមានអាមេរិក លោកស្រី សារ៉ាហ័ សេនដឺស (Sarah Sanders) បាននិយាយថា បើសិនជា​គោលនយោបាយ​ ទប់ស្កាត់អន្តោប្រវេស៍ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានដាក់​អនុវត្តន៍ពេញលេញ នោះអ្នក​វាយប្រហារនឹង​មិនត្រូវបានអនុញាត​ ឱ្យចូលជាន់ដី​​សហរដ្ឋអាមេរិក​​នោះទេ។ នេះបើតាមការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានដ៏ខ្លីមួយ បន្ទាប់ពីមាន​ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ក្នុងទីក្រុងញូយ៉ក លោកស្រី Sarah Sanders បានលើក​ឡើងដូច្នេះថា «ការវាយ​ប្រហារនេះ​ បានបញ្ជាក់យ៉ាងច្បាស់​ពីភាពចាំបាច់​ ដែលសភា ត្រូវតែធ្វើការងារ​រួមគ្នា​ជាមួយលោក​ប្រធានាធិបតី ពាក់ព័ន្ធនឹង​ការធ្វើកំណែង​ទម្រង់​ច្បាប់អន្តោប្រវេសន៍ ដើម្បី​ពង្រឹងសន្តិសុខ​ជាតិ​របស់យើង​ ព្រមទាំង​សុវត្ថិភាព​សាធារណៈ»

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះ​មួយបានកើតឡើង​កាលពីថ្ងៃចន្ទ នៅម៉ោងប្រមាណជា ៧៖៣០នាទីព្រឹក ថ្ងៃចន្ទ (ម៉ោងនៅ​ទីក្រុងញូយ៉ក) នៅឯផ្លូវក្រោមដីមួយកន្លែង ភ្ជាប់​ពីទីលានTimes Square ទៅកាន់ចំណត​រថយន្ដក្រុង Port Authority។ រីឯប៉ូលិសអាមេរិក​ក៏បានឱ្យដឹង​ដែរថា ជនសង្ស័យ​ម្នាក់ឈ្មោះ អាកាយ៉េដ អ៊ូលឡាហ៍ (Akayed Ullah) មានអាយុ ២៧ឆ្នាំ និងជាជនអន្តោប្រវេសន៍​បង់ក្លាដែស​ត្រូវបានចាប់ខ្លួន ហើយបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ជនរូបនេះ​បានប៉ុន​ប៉ងវាយប្រហារ ដោយបំផ្ទុះ​គ្រាប់បែក​អត្តឃាត តាមការបង្គាប់បញ្ជា​ពីពួក ISIS ប៉ុន្តែមិនបាន​សម្រេច៕