(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសារាចរ ស្តីពីគោលនយោបាយអវកាសលើកទី០១ នៃរដ្ឋបាលរបស់លោក ដែលធ្វើការបង្គាប់ជាផ្លូវការ ឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជូនអវកាសយានិក ទៅកាន់ឋានព្រះច័ន្ទជាថ្មីម្តងទៀត ក៏ដូចជាទៅកាន់ភពអង្គារ (Mars) ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងពិធីមួយនៅឯសេតវិមាន ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា «សារាចរដែលខ្ញុំចុះហត្ថលេខានាថ្ងៃនេះ នឹងធ្វើឲ្យកម្មវិធីអវកាសអាមេរិក ផ្តោតការយកចិត្តទុកដាក់សំខាន់ជាថ្មី ទៅលើការស្រាវជ្រាវរុករក និងរបកគំហើញរបស់មនុស្ស។ ជាមួយគ្នានេះ វាគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការបញ្ជូនអវកាសយានិកអាមេរិក ទៅកាន់ព្រះច័ន្ទជាថ្មីម្តងទៀត និងជាលើកដំបូងគិតចាប់តាំងតែពីឆ្នាំ១៩៧២ ដើម្បីប្រតិបត្តិការរុករក និងប្រើប្រាស់រយៈពេលយូរ»។
លោក ត្រាំ បានបន្តថា «លើកនេះ យើងនឹងមិនត្រឹមតែបោះទង់ជាតិរបស់យើង និងបន្សល់ទុកដានជើងនៅទីនោះទេ តែពួកយើងនឹងបង្កើតសសរគ្រឹះមួយ សម្រាប់បេសកកម្មមួយនាពេលអនាគត សម្រាប់ការបញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ ឬមួយក៏ថ្ងៃណាមួយទៅកាន់ភពជាច្រើនផ្សេងទៀត ដែលនៅស្ថិតនៅឆ្ងាយជាងនេះ»។
គួរជម្រាបថា សារាចរណែនាំស្តីពីគោលនយោបាយអវកាសរបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ខាងលើនេះ គឺផ្អែកទៅលើការផ្តល់យោបល់ពីសំណាក់ក្រុមប្រឹក្សាអវកាសជាតិ ដែលលោក ត្រាំ បានចេញបញ្ជាដោយផ្ទាល់ ឲ្យធ្វើការបើកដំណើរការឡើងវិញ កាលពីខែមិថុនាកន្លងទៅ៕