(វ៉ាស៊ីនតោន)៖ មន្ត្រីជំនាញផ្នែកការទូតជាន់ខ្ពស់ចិន ប្រចាំសហរដ្ឋអាមេរិក លោក Li Kexin បានព្រមានថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធា សង្គ្រប់លើតៃវ៉ាន់ បើសិនជា ទីក្រុងវ៉ាស៊ីនតោនហ៊ានបញ្ជូនកងនាវាចម្បាំង ទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុក គ្រាន់តែជាខេត្តមួយរបស់ខ្លួននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Li Kexin ធ្វើឡើងនៅក្នុងវេទិកាមួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយក៏បានបញ្ជាក់ដែរថា លោកបានប្រាប់ក្រុមមន្ត្រីអាមេរិកថា ចិន នឹងប្រើប្រាស់ច្បាប់ ប្រឆាំងនឹងប្រកាសឯករាជ្យរបស់តៃវ៉ាន់ (Anti-Secession) ក្នុងករណីដែលសហរដ្ឋអាមេរិក បញ្ជូនកងនាវាចម្បាំងទៅកាន់ចក្រសមុទ្រតៃវ៉ាន់។
ច្បាប់ប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ ដែលត្រូវបានអនុម័តឡើងកាលពីឆ្នាំ២០០៥ បានបដិសេធទទួលស្គាល់តៃវ៉ាន់ជារដ្ឋមួយ ពោលគឺគ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ ប៉ុន្តែបើតាមច្បាប់នេះ ទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ បើខ្លួនយល់ថា រាល់លទ្ធភាពនៃការបង្រួបបង្រួមជាតិ ដោយគ្មានការបង្ហូរឈាមត្រូវបរាជ័យ។
គួរបញ្ជាក់ថា សម្រាប់ លោក Li Kexin ការបញ្ជូនកងនាវាចម្បាំងអាមេរិកទៅកាន់កោះតៃវ៉ាន់ គឺជាសញ្ញាមួយនៃហានិភ័យសង្រ្គាម។ «ថ្ងៃដែលសហរដ្ឋអាមេរិកបញ្ជូនកងនាវាចម្បាំងទៅកាន់ទីក្រុងកំពង់ផែ Kaohsiung វាគឺជាថ្ងៃដែលកងកម្លាំងរំដោះប្រជាជនចិនរបស់យើង បង្រួបបង្រួមតៃវ៉ាន់ដោយកម្លាំងយោធា»។ នេះបើតាម លោក Li Kexin៕