(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាកម្លាំងទ័ពរបស់ខ្លួន ឲ្យបន្តធ្វើប្រតិបត្តិការនៅស៊ីរី ក្រោមហេតុផលបេសកកម្មបង្រ្កាបភេរវកម្ម បន្ទាប់ពីការដកយោធាចេញរបស់រុស្ស៊ី ដែលប្រការនេះ នឹងបង្កការគម្រាមកំហែងដល់ក្តីសង្ឃឹមចុងក្រោយ ដើម្បីស្វែងរកសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមអ្នកវិភាគ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ទៅកាន់បន្ទាយទ័ពអាកាស ហាមៃមីម (Hmeimim) ក្នុងក្រុង ឡាតាកៀ (Latakia) នៃប្រទេសស៊ីរីនាម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បានចេញបញ្ជាឲ្យមានការដកកងទ័ព មួយភាគធំចេញពីស៊ីរីវិញ ក្រោយពីយុទ្ធនាការប្រឆាំងនឹងក្រុមភេរវករតាមដែនអាកាស ត្រូវបានធ្វើឡើងក្នុងប្រទេសនេះ អស់រយៈពេលប្រមាណជា ០២ឆ្នាំ។ នាឱកាសនោះ លោក ពូទីន ក៏បានជួបជាមួយប្រធានាធិបតីស៊ីរី លោក អាស្សាដ ផងដែរ។
យ៉ាងណាមិញ ទីបញ្ជាការ Joint Task Force Operation Inherent Resolve ដែលបង្កើតឡើងដោយក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយអាមេរិក ដើម្បីកម្ចាត់ក្រុមភេរវករ ISIS នោះ បានបញ្ជាក់នាថ្ងៃដដែលថា ការប្រយុទ្ធគ្នាជាច្រើនថែមទៀត នឹងត្រូវកើតមានឡើង ដើម្បីកម្ទេចក្រុម ISIS ដែលនៅសេសសល់តាមតំបន់ Middle Euphrates River Valley។
អ្នកវិភាគម្នាក់បានលើកឡើងថា ការបន្តនៃវត្តមានរបស់យោធាអាមេរិកនៅស៊ីរី នឹងបង្កគ្រោះថ្នាក់ដល់ក្តីសង្ឃឹមទាំងឡាយ សម្រាប់ការស្វែងរកសន្តិភាពណាមួយ នៅក្នុងតំបន់នេះ ខណៈសហរដ្ឋអាមេរិក ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល មានចេតនាចង់រក្សា និងពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅស៊ីរី ដើម្បីធ្វើជាមូលដ្ឋានមួយ សម្រាប់គម្រាមកំហែង និងទប់ទល់ជាមួយអ៊ីរ៉ង់។
នាពេលថ្មីៗនេះ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា កងទ័ពអាមេរិកជាង ១,៧០០នាក់ កំពុងធ្វើប្រតិបត្តិការនៅតាមដែនដីរបស់ប្រទេសស៊ីរី ដែលចំនួននេះគឺ ០៣ដង ច្រើនជាងចំនួនដែលខ្លួនធ្លាប់បានទទួលស្គាល់ កាលពីលើកមុន៕