ព័ត៌មានក្តៅ! កិច្ចព្រមព្រៀង «តួកគីទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី» នឹងសម្រេចជាស្ថាពរក្នុងសប្តាហ៍នេះ!
12-12-2017 09:57
(អង់ការ៉ា)៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ដែលជាការធ្វើឲ្យទំនាក់ទំនងរវាងអឺរ៉ុប-អាមេរិក និងតួកគី កាន់តែឃ្លាតឆ្ងាយពីគ្នានោះ ត្រូវបានលោកប្រធានាធិបតី តាយយីព អេដូហ្កាន់ (Tayyip Erdogan) អះអាងថា នឹងសម្រេចចេញជាស្ថាពរនៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានប្រកាសចេញនៅក្រោយជំនួប រវាងប្រធានាធិបតីតួកគី លោក អេដូហ្កាន់ ជាមួយនិងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលមកបំពេញទស្សនកិច្ចនៅរដ្ឋធានីអង់ការ៉ា របស់តួកគី។ លោក អេដូហ្កាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមមន្ត្រីរបស់យើង នឹងជួបពិភាក្សាគ្នាចុងក្រោយនៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើការសម្រេចតែម្តង»។
គួរបញ្ជាក់ថា កិច្ចពិភាក្សាតំណាក់កាលសំខាន់រវាងភាគីទាំងពីរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដោយទីក្រុងម៉ូស្គូ និងទីក្រុងអង់ការ៉ា បានឈានដល់កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ហើយរហូតដល់ថ្ងៃទី២៩ ខែកញ្ញា មន្ត្រីជាន់ខ្ពស់រុស្ស៊ី លោក Vladimir Kozhin បានទទួលស្គាល់ថា តួកគីបានបង់ប្រាក់កក់ និងអាចទទួលបាន S-400 នៅឆ្នាំ២០១៩។ រុស្ស៊ី និងតួកគី បានចាប់ផ្ដើមកិច្ចចរចាបញ្ជាទិញប្រព័ន្ធ មីស៊ីលនេះកាលពីឆ្នាំមុន៕