(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនមួយចំនួន ចេញពីប្រទេសស៊ីរីហើយ បន្ទាប់ពីមានបញ្ជាពីលោកប្រធានាធិបតី វ៉្ល៉ាឌីមៀ ពូទីន ខណៈកងទ័ពរដ្ឋាភិបាលស៊ីរីកំពុងគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។
លោក ពូទីន បានបង្គាប់ឱ្យដកកងទ័ពមួយផ្នែកធំ ចេញពីប្រទេសស៊ីរីនៅអំឡុងពេលលោកបំពេញទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ព ហាមៃមីម (Hmeimim) ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ។ «ជិតពីរឆ្នាំមកនេះ កងទ័ពរុស្ស៊ីតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពស៊ីរី បានវាយកម្ទេចពួកភេរវករអន្តរជាតិមួយផ្នែកធំ... ដូច្នេះហើយខ្ញុំសម្រេចចិត្ត ដកកងទ័ពរុស្ស៊ីមួយភាគធំ ចេញពីប្រទេសស៊ីរី»។ នេះគឺជាការលើកឡើងរបស់លោកពូទីន។ ប៉ុន្តែនៅពេលអ្នកសារព័ត៌មានសួរថា តើរុស្ស៊ីត្រូវចំណាយពេលប៉ុន្មាន ដើម្បីដកកងទ័ពចេញពីស៊ីរី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ីហ្គៃ សយហ្គូ (Sergei Shoigu) ឆ្លើយថាវាអាស្រ័យទៅលើស្ថានភាព នៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានប្រកាសដូចគ្នានេះដែរ តែកងទ័ពរុស្ស៊ីនៅតែបន្តធ្វើប្រតិបត្តិការក្នុងប្រទេសស៊ីរី មកទល់ បច្ចុប្បន្ន រហូតដល់កងទ័ពរដ្ឋាភិបាលស៊ីរី បានវាយដណ្ដើមយកទឹកដីពីក្រុម ISIS និងក្រុមប្រឆាំងស៊ីរីមកគ្រប់គ្រងវិញស្ទើរតែស្រុង។ ចំណែកឯ ក្រុមអ្នកជំនាញខ្លះយល់ថា ចាប់ពីពេលនេះតទៅរុស្ស៊ីនឹងយកស៊ីរីធ្វើចំណុចចាប់ផ្ដើម ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា៕