(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានបង្គាប់ឱ្យដកកងទ័ពរុស្ស៊ីមួយភាគធំចេញពីប្រទេសស៊ីរី នៅអំឡុងពេលបំពេញដំណើរទស្សនកិច្ចដ៏ ភ្ញាក់ផ្អើលមួយទៅកាន់មូលដ្ឋានទ័ព Hmeimim ក្នុងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនាឱកាសនោះដែរ លោកពូទីន បានលើកឡើងដូច្នេះថា៖«ជិតពីរឆ្នាំមកនេះ កងទ័ពរុស្ស៊ីតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកងទ័ពស៊ីរី បានវាយកម្ទេចពួកភេរវករ អន្តរជាតិមួយផ្នែកធំ...ដូច្នេះហើយខ្ញុំសម្រេចចិត្តដកកងទ័ពរុស្ស៊ីមួយភាគធំចេញពីប្រទេសស៊ីរី»។ លោកប្រធានាធិបតីពូទីន បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ព Hmeimim នៅថ្ងៃចន្ទនេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីប្រធានាធិបតីស៊ីរី លោក បាស្សា អាល់សាដ។
គួរបញ្ជាក់ថា ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ី កងទ័ពរដ្ឋាភិបាលស៊ីរីបានវាយដណ្ដើមយកទឹកដីពីក្រុម ISIS និងក្រុមប្រឆាំងស៊ីរី មកគ្រប់គ្រងវិញស្ទើតែស្រុង ខណៈ ក្រុមអ្នកជំនាញខ្លះយល់ថាចាប់ពីពេលនេះតទៅរុស្ស៊ីនឹងយកស៊ីរី ធ្វើចំណុចចាប់ផ្ដើមក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា៕