(រតនគិរី)៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូថ្នាក់ខេត្តជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្តកន្ទូម របស់វៀតណាម ពិភាក្សាពីការបើកច្រកទ្វារទ្វេខេត្តទាំងពីរចំនួន៣ទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងស្រុកតាវែង ខេត្តរតនគិរី។

ជាលទ្ធផលក្រោយកិច្ចប្រជុំនេះ អាជ្ញាធរខេត្តទាំងពីរឯកភាពស្នើសុំទៅរារដ្ឋាភិបាល នៃប្រទេសទាំងពីរ រៀងៗខ្លួន ដើម្បីសុំការអនុញ្ញាតឲ្យក្រុមការងារអន្តរក្រសួង ចុះពិនិត្យ សិក្សារៀបចំបង្កើតច្រកទ្វាព្រំដែនទ្វេភាគី នៅចំណុចបង្គោលព្រំដែនលេខ១៩ ស្ថិតនៅក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស។

ការស្នើសុំបើកច្រកទ្វាព្រំដែនទ្វេភាគីនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកចំណងសាមគ្គីភាព ភាតរភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តការកាន់តែរឹងមាំរវាងខេត្តទាំងពីររតនគិរី-កន្ទូម សំដៅបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម បានចេញចូលសួរសុខទុក្ខបងប្អូន ពិនិត្យព្យាបាលជំងឺ ការដោះដូរទំនិញទៅវិញទៅមករបស់ប្រជាពលរដ្ឋ៕