(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា ស្ទាក់ចាប់គ្រាប់មីស៊ីលរួមគ្នា ជាមួយសហរដ្ឋអាមេរិក និងជប៉ុន ខណៈការលើកឡើងជាច្រើនថា កូរ៉េខាងជើងអាចធ្វើតេស្ដមីស៊ីលបាញ់ចេញពីនាវាមុជទឹក (SLBM) ក្នុងពេលឆាប់ៗនេះ៕
២៖ អង្គការ NASA នឹងធ្វើការប្រកាសព័ត៌មានដ៏ធំមួយ ប្រចាំចុងឆ្នាំ២០១៧ នោះគឺការរកឃើញភព «Exoplanets ឬភពក្រៅប្រព័ន្ធព្រះអាទិត្យយើង» បន្ថែមទៀត ក្រោយពីខ្លួនបានរកឃើញសរុបជាង ២,៥០០ភព រួចទៅហើយ ចាប់តាំងពីការបាញ់បង្ហោះកែវយឺតអវកាស Kepler កាលពីឆ្នាំ២០០៩ មក៕
៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា គណបក្សប្រឆាំងធំៗ នៅក្នុងប្រទេសរបស់លោក ត្រូវបានហាមមិនឱ្យចូលរួមក្នុងការ បោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយនេះ។ លោកថាការហាមឃាត់នេះ គឺដោយសារគណបក្សទាំងនោះមិនបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុង កាលពីថ្ងៃអាទិត្យ៕
៤៖ សេតវិមានបានចាត់ទុកថា ការសម្រេចចិត្តរបស់អាជ្ញាធរប៉ាឡេស្ទីន លុបចោលជំនួបជាមួយ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន (Mike Pence) នៅអំឡុង នៃការបំពេញដំណើរទស្សនកិច្ច មកកាន់តំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ គឺជារឿងគួរឱ្យសោកស្ដាយ៕
៥៖ ឧបករណ៍បំពងសំឡេងធំៗជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរអូស្ត្រាលី ធ្វើការបំពាក់នៅតាមទីតាំងសំខាន់ៗ នៅក្នុងទីក្រុងមែលប៊ន (Melbourne) ដើម្បីជាការបង្កើន កម្រិតសុវត្ថិភាពមួយដែលអាចជួយផ្តល់ដំណឹងភ្លាមៗ យ៉ាងមានប្រសិទ្ធភាពទៅដល់ប្រជាជនជិតឆ្ងាយ ឲ្យបានដឹងក្នុងករណីមានអំពើភេរវកម្មផ្ទុះឡើង៕
៦៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានលើកឡើងថា ទីក្រុងតេហេរ៉ង់ អាចស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញបាន ជាមួយនឹងអារ៉ាប៊ីសាអូឌីត ប្រសិនបើរាជាណាចក្រអារ៉ាប់មួយនេះ កាត់ផ្តាច់ចំណងមិត្តភាពរបស់ខ្លួនចោល ជាមួយអ៊ីស្រាអែល៕