(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អេដូហ្កាន់ (Recep Tayyip Erdogan) បានចេញមុខទាត់ចោលការសម្រេចចិត្ត ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយថែមទាំងបានហៅអ៊ីស្រាអែលថា ជារដ្ឋនៃភេរវករទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថា នៅឯពិធីជួបជុំមួយក្នុងទីក្រុង អាណាតូលៀ (Anatolia) កាលពីថ្ងៃអាទិត្យ លោក Erdogan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការប្រកាសទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ព្រមទាំងគំរោងផ្លាស់ប្ដូរស្ថានទូតអាមេរិក គឺគ្មានសុពលភាព និងគ្មានន័យទាំងអស់សម្រាប់ពួកយើង»។
បន្ថែមពីលើនេះ លោក Erdogan បានថ្កោលទោសយ៉ាងខ្លាំងដល់ប៉ូលិសអ៊ីស្រាអែល សម្រាប់ការប្រើប្រាស់កម្លាំងបាយ មិនសមស្របលើប្រជាជនប៉ាឡេស្ទីន ដែលនាំគ្នាតវ៉ាប្រឆាំងជំទាស់នឹងការសម្រេច ចិត្តរបស់លោក ត្រាំ ហើយមិនតែប៉ុណ្ណោះប្រធានាធិបតីតួកគីរូបនេះ ក៏បានហៅអ៊ីស្រាអែលថា ជារដ្ឋនៃភេរវករផងដែរ។
គួរបញ្ជាក់ថា លោក Erdogan បានកោះប្រជុំបន្ទាន់មួយ នៃបណ្ដាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅថ្ងៃពុធនេះ ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បី កំណត់ពីវិធានការ ដែលប្រជាជាតិអ៊ីស្លាមទាំងអស់ត្រូវតែអនុវត្តន៍ ខណៈពួកគេកំពុងជំទាស់នឹងការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ៕