(អង់គ្លេស)៖ ក្មេងប្រុសស្រីពីរនាក់ បានបញ្ជូនតុក្កតាអវកាសយានិក ដែលជាវត្ថុសំណព្វចិត្តមួយរបស់ពួកគេ ឡើងទៅកាន់ផ្ទៃលំហអាកាសក្នុងរយៈកម្ពស់ខ្ពស់ជាង កម្ពស់យន្តហោះធ្វើដំណើរដល់ទៅ ០៣ដង ពោលគឺឡើងដល់ ៣៧,៨០០ម៉ែត្រ ឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Independent UK នៅរសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
កុមារា Oscar Adams អាយុ ០៩ឆ្នាំ និងប្អូនស្រីបង្កើតរបស់គេឈ្មោះ Layla អាយុ ០៧ឆ្នាំ រស់នៅក្នុងទីក្រុង Sheffield បានបញ្ជូនតុក្កតា Blox Spaceman ឲ្យធ្វើដំណើររយៈពេលប្រមាណជា ០២ម៉ោង និង៣០នាទី ទៅកាន់ចុងលំហអាកាស ហើយត្រឡប់ចុះមកវិញ បន្ទាប់ពីបានដាក់វាភ្ជាប់ទៅនឹងបាឡុងមួយ។
ដោយសហការជាមួយក្រុមអ្នកជំនាញពី ក្រុមហ៊ុនអវកាស SentintoSpace ដែលមានមូលដ្ឋាននៅក្រុង Sheffield ផ្ទាល់ បងប្អូនទាំង ០២នាក់នេះ ក៏មានលទ្ធភាពប្រើប្រាស់សម្ពាធឧស្ម័នអ៊ីដ្រូសែន ត្រូវបានគណនាយ៉ាងល្អិតល្អន់បំផុត ដើម្បីនាំយកបាឡុងរបស់ពួកគេ ឡើងទៅកាន់រយៈកម្ពស់ដល់ទៅជាង ៣៧គីឡូម៉ែត្រ។
Oscar និង Layla ទទួលបានឱកាសដ៏កម្របែបនេះ ក៏ដោយសារតែហាងលក់ទំនិញ Wilko នៅក្នុងសហគមន៍របស់ពួកគេដែរ គឺក្រោយពីម្តាយរបស់ក្មេងទាំងពីរ បានសរសេរទៅកាន់ហាងនេះ ដោយរៀបរាប់ពីក្តីស្រឡាញ់ចូលចិត្តរបស់ Oscar និង Layla ចំពោះសម្ភារៈក្មេងលេងជាច្រើនប្រភេទរបស់ហាងមួយនេះ។
គួរជម្រាបថា កុមារទាំង ០២នាក់ ដែលតែងតែអនុវត្តការពិសោធន៍ផ្នែកវិទ្យាសាស្រ្តនៅផ្ទះ ជាមួយឪពុកម្តាយខ្លួននោះ សឹងតែមិនជឿភ្នែករបស់ពួកគេឡើយ នៅពេលដែលពួកគេទាំងពីរ បានឃើញឃ្លីបវីដេអូ នៃដំណើរទៅកាន់លំហអាកាស របស់តុក្កតាសំណព្វចិត្តពួកគេ ក្រោយពីញ៉ាំអាហារពេលថ្ងៃត្រង់រួចនោះ៕