(ស៊ីដនី)៖ ឧបករណ៍បំពងសំឡេងធំៗជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរអូស្ត្រាលី ធ្វើការបំពាក់នៅតាមទីតាំងសំខាន់ៗ នៅក្នុងទីក្រុងមែលប៊ន (Melbourne) ដើម្បីជាការបង្កើនកម្រិតសុវត្ថិភាពមួយ ដែលអាចជួយផ្តល់ដំណឹងភ្លាមៗ យ៉ាងមានប្រសិទ្ធភាពទៅដល់ប្រជាជនជិតឆ្ងាយ ឲ្យបានដឹងក្នុងករណីមានអំពើភេរវកម្មផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ដំណោះស្រាយថ្មី និងប្លែកពីគេនេះ បានកើតមានឡើងក្រោយពីមួយរយៈចុងក្រោយនេះ ប្រទេសអូស្ត្រាលីបានទទួលរងការវាយប្រហារ ដោយអំពើភេរវកម្មជាច្រើនករណី ដែលនាំឲ្យប្រជាជនជាច្រើនព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ នៅតាមទីប្រជុំជន។ កាលពីខែមករា ដើមឆ្នាំ២០១៧ ករណីបើករថយន្តបំបុកមនុស្ស បានកើតឡើងនៅទីក្រុងមែលប៊ន និងបានឆក់យកជីវិតមនុស្ស ០៦នាក់ ហើយអំពើភេរវកម្មមួយទៀត បានកើតឡើងកាលពីខែកក្កដា បានផ្តាច់ជីវិតមនុស្ស ០២នាក់ នៅក្នុងនោះរួមទាំងខ្មាន់កាំភ្លើងផងដែរ នៅជាយទីក្រុងមួយនេះ។
គួរបញ្ជាក់ថា គំរោងការពារសុវត្ថិភាពខាងលើនេះ មានតម្លៃជាទឹកប្រាក់សរុប ៧.៥លានដុល្លារ ដោយក្នុងនោះក៏មានការដាក់បន្ថែម ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV ជាច្រើនគ្រឿង នៅតំបន់ពាណិជ្ជកម្មធំៗ ព្រមទាំងការកសាងរនាំងតាមចិញ្ចើមផ្លូវធំៗនានា ដើម្បីបង្ការកុំឲ្យរថយន្តជិះឡើងចិញ្ចើមផ្លូវបានថែមទៀតផង នៅទីក្រុងដ៏ធំនៃភាគអាគ្នេយ៍ប្រទេសមួយនេះ៕