(អាមេរិក)៖ ស្របពេលដែលរដូវឈប់សម្រាកចុងឆ្នាំជិតចូលមកដល់ ប៉ូលិសទីក្រុងហួស្តុន (Houston) រដ្ឋតិចសាស់ កំពុងតែមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ខណៈនាពេលកន្លងមកនេះ មានការរាយការណ៍ច្រឡំដល់ទៅ ០៣លើក ក្នុងកំឡុងពេល ១០ថ្ងៃប៉ុណ្ណោះ ស្តីពីហេតុការណ៍ផ្ទុះអាវុធ បានបង្កឲ្យមានគេរត់យ៉ាងប្រសាចចេញពីហាង និងផ្សារទំនើបនានា នៅក្នុងទីក្រុងធំបំផុតលំដាប់ទីបួនប្រចាំសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ទោះបីជាសេចក្តីរាយការណ៍ទាំងប៉ុន្មាននោះ ចុងក្រោយសុទ្ធតែពុំមានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងណាម្នាក់ក៏ដោយ កម្លាំងប៉ូលិសប្រចាំទីក្រុង Houston នៃរដ្ឋតិចសាស់ កំពុងប្រុងជើងការជាប់ជានិច្ច ស្របពេលដែលមនុស្សម្នារាប់ពាន់នាក់ បន្តដើរទិញឥវ៉ាន់ពេញៗផ្សារទំនើប ខណៈដែលថ្ងៃបុណ្យគ្រិស្មាស់ និងចូលឆ្នាំសកលជិតចូលមក នាប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
គួរជម្រាបថា កាលពីថ្ងៃទី០២ ខែធ្នូ ហេតុការណ៍បាញ់ប្រហារមួយ ត្រូវគេរាយការណ៍នៅឯផ្សារទំនើប Memorial City Mall ដែលបានបណ្តាលឲ្យអ្នកដើរទិញឥវ៉ាន់រាប់រយនាក់ រកកន្លែងគេចខ្លួន និងខ្លះទៀតរត់ចេញតាមចក្រទ្វានានា ដែលពួកគេបានប្រទះឃើញ។ អ្វីដែលពួកគេគិតថា ជាស្នូរកាំភ្លើងនោះ ការពិតគឺជាសកម្មភាពរបស់ចោរម្នាក់ ប្រដាប់ដោយញញួរ បានព្យាយាមគាស់ទូរកញ្ចក់ដែលផ្ទុកនូវគ្រឿងអលង្កាមានតម្លៃ។
ក្រៅពីនេះ កាលពីថ្ងៃទី០៤ ខែធ្នូ អ្នកដើរទិញឥវ៉ាន់ក្នុងផ្សារទំនើបមួយកន្លែង នៅទីប្រជុំជនក្រុង Houston បាននាំគ្នារត់ភៀសខ្លួននៅពេលដែលពួកគេគិតថា ខ្លួនបានលឺសំឡេងកាំភ្លើង ដែលតាមពិតគឺជាសំឡេងកូនក្មេងធ្លាក់ពីលើរទេះ ហើយរមាលលើជណ្តើរយន្ត។ ករណីចុងក្រោយ គឺបានកើតមានឡើងនៅថ្ងៃទី០៩ ខែធ្នូប៉ុន្មានថ្ងៃមុននេះ ដោយមនុស្សម្នាបាននាំគ្នារត់យ៉ាងប្រសាច ចេញពីចំណតរថយន្តនៃផ្សារទំនើប Baybrook Mall ព្រោះតែពួកគេគិតថា បានលឺស្នូរកាំភ្លើង។ ជុំវិញហេតុការណ៍នេះ ប៉ូលិសបានឲ្យដឹងថា ពួកគេក៏មិនដឹងច្បាស់ដែរថា មូលហេតុអ្វីទើបបានបង្កឲ្យអ្នកដើរផ្សារទាំងនោះ នាំគ្នារត់ពីកន្លែងចតរថយន្តដូច្នោះ ក៏ប៉ុន្តែក៏ពុំមានភស្តុតាងស្តីពីការផ្ទុះអាវុធដែរ។
យ៉ាងណាមិញ អតីតភ្នាក់ងារស៊ើបអង្កេត FBI និងជាអ្នកជំនាញមួយរូបផ្នែកបញ្ហាសន្តិសុខសុវត្ថិភាព លោក Jim Conway បានលើកឡើងថា មនុស្សរាល់គ្នាគួរតែគិតគូរអំពីស្ថានការណ៍ដ៏អាក្រក់បំផុត ដែលអាចកើតមានឡើង នៅពេលស្ថិតក្នុងទីកន្លែងដែលសម្បូរដោយមនុស្សច្រើនកុះករ៕