(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានសង្កត់ធ្ងន់ពីភាពចាំបាច់ ត្រូវតែមានបណ្ដាញទំនាក់ទំនងដ៏មានប្រសិទ្ធភាពជាមួយ កូរ៉េខាងជើង ក្រោយទីក្រុងព្យុងយ៉ាង បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប កាលពីចុងខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ការកត់សម្គាល់បែបនេះរបស់ លោកស្រី Kang ធ្វើឡើងនៅឯវេទិកាមួយ រៀបចំឡើងក្នុងទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ។ ថ្លែងនាឱកាសនោះដែរ លោកស្រី Kang បានលើក ឡើងថា បណ្ដាញទំនាក់ទំនងដ៏មានប្រសិទ្ធិភាព គួរតែអាចបញ្ជូនសំឡេងរួមរបស់សហគមន៍អន្តរជាតិ ទៅកាន់កូរ៉េខាងជើង ហើយប្រទេសកូរ៉េទាំងពីរ ចាំបាច់ណាស់ត្រូវការខ្សែទូរស័ព្ទបន្ទាន់យោធា ព្រមទាំងការរៀបចំពិធីជួបជុំគ្រួសារកូរ៉េ ដែលបានព្រាត់ប្រាសគ្នាដោយសារសង្រ្គាម។
គួរបញ្ជាក់ថា បើតាមលោកស្រី Kang Kyung-wha ខណៈកូរ៉េខាងជើងកំពុងបង្ករឿង សហគមន៍អន្តរជាតិនឹងមិនអត់ឱនឱ្យជាដាច់ខាត ដល់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ហើយថែមទំាងសន្យាថា នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញទីក្រុងព្យុង យ៉ាង ឱ្យត្រឡប់មករកតុចរចាវិញ តាមរយៈការដាក់សម្ពាធពីគ្រប់ទិសទី៕