(ដាម៉ាស)៖ ក្នុងកិច្ចប្រជុំមួយនាថ្ងៃអាទិត្យម្សិលមិញនេះ នាយករដ្ឋមន្រ្តីស៊ីរី លោក អ៊ីម៉ាដ ខាមីស (Imad Khamis) បានធ្វើការបញ្ជាក់អះអាងសាជាថ្មីម្តងទៀត អំពីការប្តេជ្ញាយ៉ាងមុតមាំ នៃរដ្ឋាភិបាលរបស់លោក ក្នុងការស្ថាបនាឡើងវិញនូវបណ្តាទឹកដីនានា ដែលដណ្តើមបានពីក្រុមសកម្មប្រយុទ្ធមកវិញ ព្រមទាំងការផ្តល់សេវាចាំបាច់ផ្សេងៗ ដល់ប្រជាជនស៊ីវិល ក៏ដូចជាការរៀបចំគម្រោងវិនិយោគ និងអភិវឌ្ឍន៍នៅតាមតំបន់ទាំងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សាយនៅស៊ីរី លោក Khamis បានលើកឡើងថា ប្រទេសរបស់លោក មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីកសាងឡើងនូវអ្វីៗដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែសង្រ្គាម ដែលកំពុងបន្តកើតមាននៅប្រទេសស៊ីរីបាន។ ម៉្យាងវិញទៀត នៅក្នុងកិច្ចប្រជុំពិភាក្សាខាងលើ អ្នកចូលរួមទាំងអស់ក៏បានពិគ្រោះគ្នា អំពីវិធានការសំដៅដល់ ការគាំទ្រវិនិយោគិនទាំងឡាយ ដែលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ច និងសង្គមផងដែរ។
គេសង្កេតឃើញថា ចិន និងរុស្ស៊ី បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន នៅក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញ នៅក្នុងប្រទេសអារ៉ាប់ដែលត្រូវបានហែកហួរដោយសង្រ្គាមមួយនេះ។ យោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក កិច្ចការស្ថាបនាទឹកដីស៊ីរីដែលបានទទួលរងការបំផ្លិចបំផ្លាញ ទំនងជានឹងត្រូវចំណាយថវិកាសរុបដល់ទៅ ២០០ពាន់លានដុល្លារ ឯណោះ។
គួរជម្រាបថា គិតមកទល់ពេលនេះ ប្រទេសស៊ីរីបានស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាមស៊ីវិល អស់រយៈពេលជាង ០៦ឆ្នាំទៅហើយ រវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមជាច្រើនក្រុម ព្រមទាំងក្រុមភេរវករមួយចំនួនទៀត៕