(វ៉ាស៊ីនតោន)៖ សេតវិមានបានចាត់ទុកថា ការសម្រេចចិត្តរបស់អាជ្ញាធរប៉ាឡេស្ទីន លុបចោលជំនួបជាមួយ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន (Mike Pence) នៅអំឡុង នៃការបំពេញដំណើរទស្សនកិច្ច មកកាន់តំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ គឺជារឿងគួរឱ្យសោកស្ដាយ។ នេះបើតាមសម្តីអ្នកនាំពាក្យអនុប្រធានាធិបតីអាមេរិក លោកស្រី អាលីស្សា ហ្វារ៉ាហ៍ (Alyssa Farah) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
លោកស្រី Alyssa Farah អ្នកនាំពាក្យ លោក Mike Pence បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «វាជារឿងគួរឱ្យសោកស្ដាយ ដែលអាជ្ញាធរប៉ាឡេស្ទីន កំពុង ដើរចេញឆ្ងាយពីឱកាស ឆ្ពោះទៅរកកិច្ចសន្ទនាស្ដីពីអនាគត នៃតំបន់មជ្ឈិមបូព៌ា ប៉ុន្តែរដ្ឋាភិបាលអាមេរិក នឹងមិនបោះបង់ចោលឡើយ នូវកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយក្រុមការងាររបស់យើង នៅតែបន្តប្រឹងប្រែង ដើម្បីដើរដល់គំរោងមួយទំាងអស់គ្នា»។
គួរបញ្ជាក់ថា ការលុបចោលជំនួបជាមួយអុនប្រធានាធិបតីអាមេរិក លោក Mike Pence កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួល ស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធសប្ដាហ៍មុន បើទោះជាមានការព្រមានពីភាពចលាចលនៅក្នុងតំបន់ និងមានការជំទាស់ពីបណ្ដា ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ៕