(វ៉ាស៊ីនតោន)៖ អង្គការ NASA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងធ្វើការប្រកាសព័ត៌មានដ៏ធំមួយ ប្រចាំចុងឆ្នាំ២០១៧ នោះគឺការរកឃើញភព «Exoplanets ឬភពក្រៅប្រព័ន្ធព្រះអាទិត្យយើង» បន្ថែមទៀត ក្រោយពីខ្លួនបានរកឃើញសរុបជាង ២,៥០០ភព រួចទៅហើយ ចាប់តាំងពីការបាញ់បង្ហោះកែវយឺតអវកាស Kepler កាលពីឆ្នាំ២០០៩ មក។ នេះបើតាមការចេញផ្សាយដោយ Space.com នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
អង្គការ NASA បានបញ្ចេញព័ត៌មាន ពីទីស្នាក់ការរបស់ខ្លួនយ៉ាងដូច្នេះថា «របបគំហើញថ្មីនេះ ត្រូវបានសម្រេចចេញ ដោយក្រុមអ្នកស្រាវជ្រាវ តាមរយៈការប្រើប្រាស់ម៉ាស៊ីនសិក្សាទិន្នន័យពី Google។ ម៉ាស៊ីនសិក្សាទិន្នន័យ គឺជាបញ្ញាសិប្បនិម្មិតមួយ ដែលអាចធ្វើការកំណត់តាមរយៈមធ្យោបាយថ្មីៗ ក្នុងការវិភាគទៅលើទិន្នន័យនានា ដែលទទួលបានពីកែវយឺតអវកាស Kepler»។
គួរបញ្ជាក់ផងដែរថា Kepler ធ្វើការស្វែងរកភព តាមរយៈការអង្កេតរាប់ខែ ទៅរាប់ឆ្នាំ ចំពោះតារាណាមួយ ដែលជាមុខសញ្ញារបស់វា រួចធ្វើការអង្កេតរកស្រមោលភព ដែលជះមក ហើយនៅពេលវាចាប់បាននោះ ទិន្នន័យនានាត្រូវបានបញ្ជូនមកកាន់ ប្រព័ន្ធកុំព្យូទ័រលើភពផែនដី ដើម្បីធ្វើការកំណត់បុគ្គលិកលក្ខណៈទូទៅ ដូចជាទំហំភព, រយៈចម្ងាយភព និងផ្កាយរបស់វា, ព្រមទាំងការវិលរបស់ភព ដែលគេនឹងអាចធ្វើការសន្និដ្ឋានជំហានទី ១ អំពីលក្ខណៈបរិយាកាស ឬធាតុផ្សំនៃភពនោះបានផងដែរ។
សម្រាប់ភពជាង ២.៥០០ភព ដែលត្រូវបានរកឃើញកន្លងមកនេះ ៧០% ក្នុងចំណោមនោះ គឺត្រូវបានកំណត់អត្តសញ្ញាណខ្លះៗ ដែលតម្រូវឲ្យមានការសិក្សា និងវិភាគបន្តទៀត។ បន្ថែមពីនេះភពទាំងអស់ គឺត្រូវបានរកឃើញក្រោយពី Kepler ធ្វើការអង្កេតទៅលើផ្កាយនានាសរុបចំនួន ១៥០,០០០ផ្កាយ។ ដូច្នេះថា តើភពចំនួនប៉ុន្មានទៀត និងមានលក្ខណៈវិសេសបែបណាដែល NASA ទើបកំណត់បាននោះ? មានតែរង់ចាំថ្ងៃព្រហស្បតិ៍ សប្តាហ៍ (ត្រូវនឹងព្រឹកថ្ងៃសុក្រ ពេលវេលានៅកម្ពុជា) NASA នឹងប្រកាសជាផ្លូវការ៕