(ប៉ារីស)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រជាជនប៉ាឡេស្ទីនគួរតែប្រឈមមុខ និងទទួលយកការពិតថា ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីសា្រអែល ដើម្បីធ្វើដំណើរឆ្ពោះទៅរកសន្តិភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍មុន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ថា ទីក្រុងហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ បាតុកម្មតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ ក៏ត្រូវបានធ្វើឡើងផងដែរ នៅតាមបណ្ដាប្រទេសអ្នកកាន់សាសនា អ៊ីស្លាមភាគច្រើន ខណៈបណ្ដាប្រទេសអារ៉ាប់ និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញ។
ដោយឡែក ថ្លែងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុងក្នុង ទីក្រុងប៉ារីស លោក Netanyahu បានលើកឡើងយ៉ាហដូច្នេះថា «ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល អស់រយៈពេលជាង ៣,០០០ឆ្នាំ មកហើយ ដោយវាមិនដែលក្លាយជារដ្ឋធានីនរណាម្នាក់ផ្សេងឡើយ... ដូច្នេះបើប្រជាជនប៉ាឡេស្ទីនទាំងអស់ កាន់តែឆាប់ទទួលស្គាល់ការពិតនេះ នោះយើងនឹងកាន់តែឆាប់ឆ្ពោះទៅរកសន្តិភាព»។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទាត់ចោលការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ រីឯ បណ្ដាប្រទេសអារ៉ាប់បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារបស់អ៊ីស្រាអែល៕