(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានលើកឡើងថា ទីក្រុងតេហេរ៉ង់ អាចស្តារទំនាក់ទំនងឲ្យប្រសើរឡើងវិញបាន ជាមួយនឹងអារ៉ាប៊ីសាអូឌីត ប្រសិនបើរាជាណាចក្រអារ៉ាប់មួយនេះ កាត់ផ្តាច់ចំណងមិត្តភាពរបស់ខ្លួនចោល ជាមួយអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំសភាមួយនៅរដ្ឋធានីតេហេរ៉ង់ លោក Rouhani បានព្រលយពាក្យមួយឃ្លាថា សាធារណរដ្ឋអ៊ីស្លាមរបស់លោក នឹងពុំមានបញ្ហាអ្វីទៀតឡើយជាមួយអារ៉ាប៊ីសាអូឌីត ប្រសិនបើទីក្រុងរីយ៉ាដ ឈប់ឱនក្បាលដាក់អ៊ីស្រាអែលទៀត ហើយងាកទៅពឹងផ្អែកលើខ្លួនឯងវិញ។ លោកប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ដូច្នេះថា «យើងចង់ឲ្យអារ៉ាប៊ីសាអូឌីត បញ្ឈប់រឿងពីរយ៉ាង គឺចំណងមិត្តភាពជាមួយប្រទេសអ៊ីស្រាអែល និងការទម្លាក់គ្រាប់បែកយ៉ាងអមនុស្សធម៌ ទៅលើប្រទេសយេម៉ែន»។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីត បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ កាលពីអំឡុងដើមឆ្នាំ២០១៦ ដើម្បីជាការជំទាស់ចំពោះការវាយប្រហារ ដែលត្រូវបានធ្វើឡើងប្រឆាំងនឹងបេសកកម្មការទូតអារ៉ាប៊ីសាអូឌីត នៅអ៊ីរ៉ង់ ក្រោយពីការប្រហារជីវិត របស់អារ៉ាប៊ីសាអូឌីតទៅលើបុព្វជិតអ៊ីស្លាមនិកាយស៊ីអ៊ីតម្នាក់។ ម៉្យាងវិញទៀត ការបាញ់មីស៊ីលផ្លោងមួយគ្រាប់ សំដៅទៅកាន់ទីក្រុងរីយ៉ាដ ដែលធ្វើឡើងដោយក្រុមឧទ្ទាម Houthi កាលពីខែមុន ក៏បានធ្វើឲ្យប្រទេសទាំងពីរ ឈានទៅរកភាពតានតឹងថ្មីមួយកម្រិតទៀត។
ជាមួយគ្នានេះ ការលើកឡើងខាងលើរបស់ លោក Hassan Rouhani បានកើតមានឡើង ចំពេលមានសេចក្តីរាយការណ៍ព័ត៌មានថា ទីក្រុងរីយ៉ាដ បាននិងកំពុងស្វែងរកទំនាក់ទំនង កាន់តែជិតស្និទ្ធជាមួយអ៊ីស្រាអែល ក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពល ដែលកំពុងកើនឡើង របស់ប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវរួមរបស់អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល៕